នៅពេលមានប្រសាសន៍ពីសារៈសំខាន់របស់ គ.ជ.ប ក្នុងដំណើរការបោះឆ្នោតនៅកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងក៏ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងពីការចោទសួរមួយចំនួនដែលថាតើការបោះឆ្នោតនេះធានាអព្យាក្រឹត្យដែរទេ បើសមាជិក គ.ជ.ប មានប្រភពចេញតែពីគណបក្សប្រជាជនកម្ពុជា។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង នាថ្ងៃទី២១ ខែមិថុនានេះ សម្ដេចបានចាត់ទុកសំនួរខាងលើនេះជាសំណួរខុស និងជាសំណួរដែលតាំងឡើយដោយមនោសញ្ចេតនាណាមួយ ព្រោះបច្ចុប្បន្នថ្នាក់ដឹកនាំ គ.ជ.ប មានសមាសភាពមកពីប្រភពចចម្រុះ ទាំងបក្ស និងសង្គមស៊ីវិល ខណៈច្បាប់បានតម្រូវឱ្យលាលែងពីគណបក្សនយោបាយ និងមានការតព្វកិច្ចដើម្បីអនុវត្តតាមច្បាប់ស្ដីពីការបោះឆ្នោត។

នៅពេលមានប្រសាសន៍អំពីអព្យាក្រឹត្យគណបក្ស សម្ដេចក្រឡាហោម ស ខេង បានរំលឹកដោយចោទជាសំណួរថាតើអតីតសមាជិក គ.ជ.ប ដែលដើរចេញដោយសារអតីតគណបក្សសង្គ្រោះជាតិរំលាយនោះ ជាការបង្ហាញអព្យាក្រឹត្យឬយ៉ាងណា។ សម្ដេចបន្ថថា«អត់មាននរណាបណ្ដេញគាត់ទេ គាត់ដេញខ្លួនគាត់ ហើយមានន័យថាគាត់ហាក់ដូចជាអារម្មណ៍គាត់នៅលើគណបក្សគាត់ គាត់អត់ទាន់ប្រកាន់ជំហរអព្យាក្រឹត្យ»។

សូមបញ្ជាក់ថាក្រោយកំណែទម្រង់ច្បាប់ ដើម្បីដាក់ គ.ជ.ប ជាស្ថាប័នធម្មនុញ្ញ គ.ជ.ប មានសមាជិកចំនួន៩រូប ដោយកំណត់៤រូបមានសមាសភាពមកពីគណបក្សដែលមានអាសនៈភាគច្រើននៅសភា ៤រូបទៀតមានសមាសភាពមកពីគណបក្ដែលសមានសំឡេងភាគតិចក្នុងសភា និង១រូបទៀតមានសមាសភាពមកពីបុគ្គលឯករាជ្យ ឬសង្គមស៊ីវិល៕

Share.