ចោទថាលួចសន្លឹកឆ្នោត ចោទថាការបោះឆ្នោតមិនត្រឹមត្រូវ តែទទួលយកលទ្ធផល។​ ចំណុចទាំងនេះត្រូវបានសម្ដេចក្រឡាហោម ស ខេង លើកឡើងក្នុងពិធីចែកសញ្ញាបត្រនិស្សិតសាកលវិទ្យាល័យជាតិបាត់ដំបង នាព្រឹកថ្ងៃទី២១ ខែមិថុនានេះ ដោយចាត់ទុកការនិយាយ និងទង្វើនេះថារឿងមិនត្រឹមត្រូវ និងជាវប្បធម៌នយោបាយមួយគឺបញ្ឈប់ ដើម្បីផលប្រយោជន៍សង្គមជាតិ និងមូលដ្ឋានឃុំ សង្កាត់។

សម្ដេចអនុប្រធានគណបក្សកាន់អំណាចបានមានប្រសាសន៍ថា«អានេះជាបន្ទាត់នយោបាយរបស់គាត់ ឱ្យតែចាញ់គាត់ថាអ៊ីចឹង តាមមើលអ៊ីចឹង! បើថាឈ្នះទោះបីម៉េចក៏ដោយគាត់ថាល្អហើយ។ លេងអាចក្បួនហ្នឹងអត់បានទេ វប្បធម៌ហ្នឹងមួយដែលខ្ញុំស្នើគណបក្សនយោបាយត្រូវទទួលស្គាល់ការពិត[…]ចង់និយាយថាបើគ្រាន់តែចោទស្មានៗអ៊ីចឹង លុបបំបាត់ទៅអាវប្បធម៌ហ្នឹង»។

ភ្ជាប់នឹងសំណើរឱ្យលុបបំ​បាត់វប្បធម៌ចោទស្មានៗនោះ សម្ដេចក្រឡាហោម ស ខេង បានស្នើឱ្យអ្នកចាញ់បង្កើតវប្បធម៌ស្វាគមន៍អ្នកឈ្នះ ដោយសម្ដេចបានពន្យល់ថា«ពីមុនយើងសង្គ្រាមវាយគ្នា ប្រើកម្លាំងប្រដាប់អាវុធ អំពើហិង្សាដើម្បីឡើងកាន់អំណាច អាហ្នុងមិនមែនគូប្រកួតប្រជែងទេ គេហៅគូបក្ខដិបក្ស មានតែសម្លាប់គ្នាទៅវិញទៅមកទេ មានឯងអត់អញ មានអញគឺអត់ឯង»។

ប៉ុន្តែឥលូវក្នុងរបបនយោបាយដែលកម្ពុជាទទួលស្គាល់ និងដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនេះ សម្ដេចក្រឡាហោម ស ខេង បានពន្យល់បន្ថែមថា« យើងមិនមែនគូបក្ខដិបក្ខទេ យើងនិយាយថាជាគូប្រកួតប្រជែង។ គូប្រកួតប្រជែងប្រែមកថាចាញ់គឺសូមទទួលស្គាល់ថាចាញ់ ហើយអបអរអ្នកឈ្នះ ជូនពរអ្នកឈ្នះ។ ពីព្រោះដើម្បីសង្គមទាំងមូល ដើម្បីប្រទេសជាតិយើងទាំងមូល ដើម្បីមូលដ្ឋានយើងទាំងមូល»។

សូមបញ្ជាក់ថានៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ គណបក្សប្រជាជនកម្ពុជា បានឈ្នះអាសនៈមេឃុំ ចៅសង្កាត់ ច្រើនលើសលុប។ គណបក្សដែលចាញ់ឆ្នោតមួយចំនួនបានចោទប្រកាន់ថាការបោះឆ្នោតនេះមិនត្រឹមត្រូវ និងបាននិយាយបរិហារថាគណបក្សកាន់អំណាចលួចបន្លំសន្លឹកឆ្នោត។ យ៉ាងណាក៏ដោយ គណបក្សទាំងនោះបានប្រកាសទទួលយកលទ្ធផលនៃការបោះឆ្នោតនេះ៕

Share.