“វាយប្រដំ” ជាល្បែងប្រពៃណីមួយប្រភេទ មាននៅក្នុងសង្គមខ្មែរស្ទើរគ្រប់ស្រុកគ្រប់តំបន់ជាយូរមកហើយ ដោយគ្រាន់តែហៅឈ្មោះផ្សេងៗពីគ្នា មានជាអាទិ៍ “វាយកូនគោល” ឬ “លេងប៊ែក”។ ពុំមែនតែខ្មែរទេដែលមានល្បែងនេះ មានជាតិសាសន៍ដទៃទៀតដូចជាឥណ្ឌា ចិនជាដើមក៏និយមលេងដែរ តាំងពីបុរាណកាលមកដល់សព្វថ្ងៃ។

ល្បែងនេះមានពីរប្រភេទ គឺប្រភេទ “អ្នកលេងជិះលើខ្នងសេះ” ដែលនៅស្រុកគេហៅ “Polo Game” និងមួយប្រភេទទៀត “អ្នកលេងរត់ថ្មើរជើង” ដែលនៅប្រទេសគេហៅ “Field Hockey” និង “Ice Hockey”។ ប៉ុន្តែនៅស្រុកខ្មែរសព្វថ្ងៃ ល្បែងវាយកូនគោលជិះសេះនេះ គឺបានបាត់បង់ទៅហើយ ដោយពុំមានអ្នកណាម្នាក់ធ្លាប់ឃើញ ឬធ្លាប់ស្គាល់ឡើយ ពោលគឺឃើញនៅសល់តែចម្លាក់នៅលានជល់ដំរី (ចុងស.វ.ទី១២ ឬដើមស.វ.ទី១៣) ខេត្តសៀមរាបប៉ុណ្ណោះ។ ចំណែកល្បែងវាយកូនគោលដែលលេងដោយរត់ថ្មើរជើង ទើបនឹងបាត់បង់ថ្មីៗ ឬតំបន់ខ្លះមានលេងដោយកម្រមកដល់សព្វថ្ងៃ។

តាមការលើកឡើងរបស់លោក សាន ផល្លា ដែលជាអគ្គនាយករង អគ្គបច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឱ្យដឹងថា កីឡាដែលជាមរតកវប្បធម៌អរូបបិយមួយនេះ បានរលុតបាត់ហើយ ពុំឃើញមានអ្នកណាម្នាក់លេងល្បែងប្រជាប្រិយមួយនេះទេ ក្រៅពីចាស់ទុំដែលមានអាយុ ៤០-៥០ឆ្នាំឡើងទៅទើបស្គាល់ និងចាំពីក្បួនច្បាប់នៃការលេងល្បែងប្រជាប្រិយមួយនេះ។ ក្រុមការងារនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសាកល្បង និងស្នើរសុំឱ្យចាស់ៗនៅក្នុង ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង លេងល្បែងប្រជាប្រិយ“វាយប្រដំ”ឡើងវិញ ហើយឃើញថា ពួកគាត់ពិតជាអាចលេងបានឡើងវិញ។

វីដេអូឯកសារនេះ ជាឧទាហរណ៍នៃការសាកល្បងឱ្យអ្នកស្រុកអ្នកភូមិដែលមានចំណេះដឹងលេង ឡើងវិញនៅក្នុងឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលល្បែងនេះទើបនឹងបាត់បង់ថ្មីៗ៖​

Share.