កំពង់ស្ពឺ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានជូនដំណឹងថា ជំងឺគ្រុនឈាមក្នុងកំឡុង ២២សប្តាហ៍ នាដើម ឆ្នាំ២០២២នេះ កើតឡើងចំនួន ១៣៤៤ករណី ក្នុងនោះស្លាប់ចំនួន៣ករណី។ ករណីជំងឺគ្រុនឈាមនេះបានកើនឡើងជាង ១០០%បើធៀបនិងឆ្នាំ២០២១ក្នុងរយៈពេលដូចគ្នា។

បើតាមរដ្ឋបាលខេត្ត លទ្ធផលការអង្កេតបាណកសាស្ត្ររួមផ្សំកត្តាអាកាសធាតុដែល កំណើនទឹកភ្លៀងក្នុងកំឡុងពេលដើមឆ្នាំនេះ ករណីជំងឺគ្រុនឈាមនឹងប្រឈមការកើន ឡើងខ្លាំងក្នុងរដូវវស្សានេះនៅតាមភូមិឃុំសង្កាត់ និងទីប្រជុំជន នៃបណ្តាខេត្តមួយចំនួន ជាពិសេសដែលមានការកសាងអគារ (ការដ្ឋានសំណង់) និងមានប្រជាជនរស់នៅ ច្រើនកុះករ។

យោងតាមសេចក្តីជូនដំណឹងដដែលបានបញ្ជាក់ថា សត្វមូសខ្លាចូលចិត្តពងបង្កបង្កើត កូនចៅនៅក្នុងសំបកកង់ ឡាន-ម៉ូតូចាស់ៗ១១ដងច្រើនជាវត្ថុដាក់ទឹកសម្រាប់ ប្រើប្រាស់ ផ្សេងៗ។ ក្នុងន័យនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់អាជីវករ និងម្ចាស់អាជីវកម្ម ទាំងអស់ ដែលប្រកបរបរពាក់ព័ន្ធនិងសំបកកង់ឡាន-ម៉ូតូគ្រប់ប្រភេទ ឱ្យធ្វើការគ្រប់គ្រង សំបកកង់ទាំងនោះ មានសុវត្ថិភាពចៀសផុតពីការដក់ទឹក ដោយមិនត្រូវទុកចោល ពាស វាល ពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែល អំណោយផល ដល់ការចម្លងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាត គ្រប់ពេលវេលា។

ដើម្បីទុកសំបកកង់ ឱ្យមានសុវត្ថិភាពរដ្ឋបាលខេត្តកំពង់ស្ពឺបានបញ្ជាក់ថា ត្រូវដាក់គរ ត្រួតលើគ្នា គ្របដោយបន្ទះក្តាជិត ឬស្បៃមុងឬចាក់ប្រេងម៉ាស៊ីនដែលខូចឈប់ប្រើប្រាស់ ចូល ឬចាក់ដីបំពេញ ជាពិសេសដាក់នៅក្រោមដំបូលដើម្បីកុំឱ្យដក់ទឹក ដែលបង្កជាប្រភព កើតនិងជម្រកមូសខ្លា៕

Share.