ខ្សែប្រយុទ្ធស្លាបវ័យក្មេង លឹម ពិសុទ្ធ ទំនងជាអាចចូលលេងវិញបានឲ្យក្លិបបាល់ទាត់ភ្នំពេញក្រោន ក្នុងពានរង្វាន់ក្លិបបាល់ទាត់លំដាប់ទី២ប្រចាំទ្វីបអាស៊ី AFC Cup 2022 (ក្លិបតំណាងកម្ពុជា) នៅទីក្រុង​ហូជីមិញ នាប្រទេសវៀតណាម ក្រោយក្លិបបង្ហោះពីសកម្មភាពហ្វឹកហាត់ និងដាក់បញ្ចូលឈ្មោះក្នុងបញ្ជីកីឡាករទាំង២៣នាក់។

គួរដឹង លឹម ពិសុទ្ធ​ បានរងរបួសសសៃពួរកជើងខាងឆ្វេង ក្រោយប៉ះទង្គិចគ្នាក្នុងការប្រកួតជាមួយក្រុមណាហ្គាវើលដ៍ ក្នុងពានរង្វាន់ Cambodian League Cup 2022 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈរូបគេ ត្រូវបានគ្រូពេទ្យឲ្យសម្រាកព្យាបាលរយៈពេលពី៥ ទៅ៦សប្តាហ៍។

បញ្ហារបួសសសៃពួរកជើងខាងឆ្វេង បានធ្វើឲ្យរូបគេបានអវត្តមានពីក្រុមជម្រើសជាតិឈុតធំ ក្នុងការប្រកួតមិត្តភាពជាមួយ ទីម័រខាងកើត នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី០២ មិថុនា និងការប្រកួតវគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី AFC Asian Cup កាលពីថ្ងៃទី០៨-១៦ ខែមិថុនា នៅប្រទេសឥណ្ឌា។

ក្រុមបាល់ទាត់ភ្នំពេញក្រោន នឹងត្រូវប្រកួតបើកឆាកជាមួយ Hougang United របស់​សិង្ហបុរី នៅថ្ងៃសុក្រ ទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅកីឡដ្ឋាន Thong Nhat Stadium វេលាម៉ោង៩:០០យប់ ការប្រកួតប្រចាំពូល I៕ 

Share.

Leave A Reply