Xavier Alexander Musk ជាកូន​ប្រុស​របស់​មហា​សេដ្ឋី​ Elon Musk ដែល​ដើម​ឡើយ​មាន​ភេទ​ជា​បុរស ហើយ​បាន​វះ​កាត់​ប្ដូរ​ភេទ​ជា​ស្រ្តី បាន​ប្ដឹង​ទៅ​តុលាការ​ដើម្បី​ផ្លាស់​ប្ដូរ​ឈ្មោះដោយ​សម្អាង​លើ​ភេទ​ថ្មី និង ហេតុ​ផល​ដែល​នាង​មិន​ចង់មាន​ទំនាក់​ទំនង​ជា​មួយ​ឪពុក​របស់​ខ្លួន គឺ លោក Elon Musk ឡើយ​។

Xavier Alexander Musk បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​តុលាការ​ទីក្រុង​ Los Angeles County Superior Court ក្នុង​តំបន់​ Santa Monica កាលពី​ខែ មេសា ថា នាង​ទើ​បតែ​ឈាន​ចូល​វ័យ ១៨ឆ្នាំ​ ដែល​ជា​អាយុ​ស្រប​ច្បាប់​នៅ​រដ្ឋ​ California នាង​​បាន​ស្នើ​សុំ​តុលាការ​ឲ្យ​ប្ដូរ​ការ​ទទួល​ស្គាល់​ភេទ​របស់​នាង​ពី​បុរស​ទៅ​ជា​ស្រ្តី​ និង ចុះ​បញ្ជី​ឈ្មោះ​ថ្មីថា Vivian Jenna Wilson ដោយ​យកត្រកូល​តាមម្ដាយ​ដែល​ជា​ អតីត​ភរិយា​លោក​ Elon Musk ដែល​លែង​លះគ្នា​កាល ពី​ឆ្នាំ​ ២០០៨ គឺ​ អ្នកស្រី Justin Wilson។

បច្ចុប្បន្ន​នេះ​ មិន​មាន​ព័ត៌មាន​ច្បាស់​លាស់​ណា​មួយ​អំពី​ជម្លោះ​រវាង​កូន​ និង ឪពុក នោះ​​ទេ ខណៈ​មេធាវី​របស់​មហាសេដ្ឋី​ Elon Musk និង​ មន្រ្តី​ទំនាក់​ទំនង​ប្រពន្ធផ្សព្វ​ផ្សាយ​របស់​ក្រុម​ហ៊ុន​ Tesla មិន​អាច​ទទួល​យក​បាន​នា​ពេល​បច្ចុប្បន្ន​នេះ​ ហើយ​ក៏​មិន​មាន​ការ​បញ្ជាក់​បន្ថែម​ពី​ការ​ប្រេះ​ឆា​រវាង​អ្នក​ទាំង​២ ដែរ​។

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters បានរាយការណ៍ថា ត្រឹម​តែ​ ១ខែ​ ក្រោយ​ពី​អតីតនាង Xavier Alexander Musk បាន​ដាក់​ញត្តិស្នើ​​ទៅ​តុលាការ​សម្រាប់​ការ​ប្ដូរ​នាម​ត្រកូល​ និង ភេទ​ លោក Elon Musk បាន​ប្រកាស​គាំទ្រ​ចំពោះ​គណបក្ស​សាធារណរដ្ឋ​ ដែល​ជា​គណបក្ស​ដែល​គាំទ្រ​ការ​រឹត​បន្តឹង​សិទ្ធិ​របស់​អ្នក​ប្ដូរ​ភេទ​នៅ​ក្នុង​រដ្ឋ​នានា​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក​។​ បន្ថែម​ពី​នេះ លោក Musk ​ក៏ធ្លាប់​​បាន​បញ្ចេញ​មតិលើ​បណ្ដាញ​សង្គម​​ថា «ពិត​ណាស់​ ខ្ញុំ​គាំទ្រ​អ្នក​កែ​ភេទ​ ប៉ុន្ដែ​ការ​ផ្លាស់​ប្ដូរ​សព្វ​នាម​ដើម្បី​ហៅ​មនុស្ស​ទាំង​នោះ​ គឺ​ជា សុបិន្ត​អាក្រក់​»៕

ប្រភព៖ Sanook

Share.