សមាគមធុរកិច្ចអាស៊ាននៃកម្ពុជា ដោយមានការគាំទ្រពីស្ថានទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា បានរៀបចំកម្មវិធី «ផែនទីជំនួញម៉ាឡេស៊ី និងកម្ពុជា» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២នេះ ដោយមានវត្តមានតំណាងក្រុមធុរជនម៉ាឡេស៊ីប្រកបមុខជំនួញជាច្រើនបានធ្វើដំណើរពីប្រទេសម៉ាឡេស៊ីមកចូលរួមព្រឹត្តិការណ៍នេះ។

ក្រុមហ៊ុនម៉ាឡេស៊ីទាំងនោះមានគម្រោងវិនិយោគពាក់ព័ន្ធនឹងឧស្សាហកម្មវេជ្ជសាស្ត្រ ការអភិវឌ្ឍផ្សារទំនើប ការលក់ទំនិញរាយ អាហារនិងភេសជ្ជៈ ទូរគមនាគមន៍ សួនកម្សាន្ត សណ្ឋាគារ ការអប់រំ ការផលិតទំនិញ គ្រឿងចក្រធនធ្ងន់ និងកីឡាបែបអេឡិចត្រូនិច និងមានបំណងពិនិត្យ និងស្វែងយល់ផលប្រយោជន៍ទៅវិញទៅមក ពិសេសទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រទេសទាំងពីរ​។

ឯកឧត្តម ឯកអគ្គរាជទួតម៉ាឡេស៊ីប្រចាំកម្ពុជា​ បានអំពាវនាវឲ្យក្រុមធុរកិច្ចម៉ាឡេស៊ីទាញយកអត្ថប្រយោជន៏ពីការបើកព្រំដែនអន្តរជាតិរវាងម៉ាឡេស៊ី និងកម្ពុជា និងចាប់យកឪកាសនេះពង្រីកការវិនិយោគ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ បានថមថយ។ ឯកឧត្តមចាត់ទុកព្រឹត្តិការណ៍នេះថាបានរួមចំណែកពង្រឹងកិច្ចសហប្រតិបិត្តការប្រទេសទាំងពីរ ពិសេសទំនាក់ទំនងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំ នាខួបអនុស្សាវរិយ៍លើកទី៦៥ នៃចំណងការទូតប្រទេសទាំងពីរ៕

Share.