លោក ញឹម សារ៉ុម បេក្ខជនជាប់ឆ្នោតជាមេឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្សភ្លើងទៀន ត្រូវបានអាជ្ញាធរចាប់ខ្លួនក្រោមបទចោទប្រកាន់ «ប្លន់» ដែលប្រព្រឹត្តកាលពីឆ្នាំ២០០២។

យោងតាមដីកាចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោក ស៊ិន វណ្ណៈ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនលោក ញឹម សារ៉ុម តាមបទចោទប្រកាន់ខាងលើ។

តាមរយៈរូបភាពគេឃើញលោក ញឹម សារ៉ុម ត្រូវបានសមត្ថកិច្ចដាក់ខ្នោះរួចទៅហើយ ខណៈនៅក្នុងដីកានោះ បានណែនាំប្រធានពន្ធនាគារខេត្តកំពង់ធំ ទទួលយកលោក ញឹម សារ៉ុម រហូតដល់បទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។

មែនទែនទៅគឺតុលាការបានចេញដីកាបង្គាប់ឱ្យឈ្មោះ ញឹម សារ៉ុម ហៅ ឌុប រ៉ាន់ ចូលមកបំភ្លឺ ដោយលោកក៏បានទទួលដីកាត្រឹមត្រូវហើយ ប៉ុន្តែពុំបានមកឆ្លើយចំពោះមុខចៅក្រមស៊ើបសួរឡើយ។ នេះបើតាមដីកាដដែល។

លោក ញឹម សារ៉ុម ជាបេក្ខភាពមេឃុំជាប់ឆ្នោតរបស់គណបក្សភ្លើងទៀនមួយរូប ក្នុងចំណោមបេក្ខជន៤រូបនៃគណបក្សនេះដែលឈ្នះបានអាសនៈមេឃុំ គឺ៣ឃុំ នៅខេត្តកំពង់ធំ និង១ឃុំទៀតនៅខេត្តកំពង់ចាម៕

Share.