ភាគីវៀតណាមបានស្នើសុំភាគីកម្ពុជាពិចារណាលើអត្ថន័យខ្លឹមសារផ្ទាំងសិលាចារិកថ្មីលើស្ដូបមិត្តភាពកម្ពុជា វៀតណាម។ នេះបើតាមខ្លឹមសារបង្ហោះផ្សាយដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នាឱកាសអគ្គនាយកអន្តោប្រវេសន៍បានចូលរួមកិច្ចប្រជុំលើប្រធានបទនេះដឹកនាំដោយឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។

នៅឆ្នាំ២០២២នេះ រាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីណែនាំមួយស្តីពីការចារឹកនូវអត្ថន័យនៃសច្ចភាពប្រវត្តិសាស្ត្រលើស្តូបមិត្តភាពកម្ពុជា-វៀតណាម។ ខ្លឹមសារត្រៀមចារិកថ្មីលើស្ដូបមិត្តភាពកម្ពុជា វៀតណាម ដែលបាន និងកំពុងសាងសង់នៅតាមបណ្ដាខេត្តនានាជាបន្តបន្ទាប់នោះ គឺមានអត្ថន័យបង្ហាញពីស្មារតីជួយគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ គឺកម្ពុជាជួយវៀតណាមបង្រួបបង្រួមទឹកដី និងវៀតណាមជួយកម្ពុជាវាយផ្ដួលរំលំរបបប្រល័យពូជសាសន៍ ពោលគឺមិនមែនចារិកតែពីការដែលវៀតណាមជួយកម្ពុជានោះទេ។

«ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើងដើម្បីជាសក្ខីភាពនៃការដឹងគុណនឹងការចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួម និងឯកភាពទឹកដីវៀតណាមក្នុងអំឡុងទសវត្សរ៍ ៦០-៧០ និងជាសក្ខីភាពនៃការដឹងគុណ និងចងចាំចំពោះពលិកម្មរបស់កងទ័ព និងប្រជាជនវៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនៅទសវត្សរ៍ ៧០-៨០»។ នេះជាខ្លឹមសារដែលណែនាំដោយសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅលើបណ្តារាជធានីខេត្តរបស់កម្ពុជា។

សេចក្តីណែនាំបានរៀបរាប់ថាចាប់តាំងពីទសវត្សរ៍៨០ រហូតមក ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើងជាបន្តបន្ទាប់នៅតាមរាជធានី-ខេត្តនៃប្រទេសកម្ពុជា ដើម្បីជានិមិត្តរូប និងជាការចងចាំនូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការជួយឧបត្ថម្ភគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជា និងវៀតណាម។ សេចក្តីណែនាំក៏បានលើកឡើងស្នាព្រះហស្តសម្តេចព្រះនរោត្តម សីហនុ ជួយប្រទេសវៀតណាមបង្រួបបង្រួមទឹកដីនាទសវត្សរ៍ ៦០-៧០។

គួរម្លឹកថាក្នុងពិធីសម្ពោធមណ្ឌលហែលទឹកបាត់ដំបង កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍រំលឹកដល់ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម ដោយគូសបញ្ជាក់ថា«បើនិយាយអំពីទំនាក់ទំនងកម្ពុជា និងវៀតណាម គឺកម្ពុជាក៏ធ្លាប់បានជួយវៀតណាមដើម្បីឯកភាពទឹកដីរវាងភាគខាងជើង និងភាគខាងត្បូង ឯវៀតណាមក៏ធ្លាប់បានជួយកម្ពុជានៅពេលកម្ពុជាឆ្លងកាត់របបប្រល័យពូជសាសន៍ប៉ុលពត»៕

Share.