ភ្នំពេញ៖ ស្រ្តីម្នាក់ទំនងស្រវឹងបានបើករថយន្ត ឡិចសុីសGS300មួយគ្រឿងបោះពួយយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តដឹកមេសុីម៉ង់ត៏ពីក្រោយពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះកើតឡើងកាលវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី២២ ខែមិថុនា ឆ្នាំ២០២២។ ត្រង់ចំណុចមុខផែស្ងួត សូ នួន តាមបណ្តោយផ្លូវវែងស្រេង ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកហ៊ីយិនដាយ ពណ៌ស ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខ ភ្នំពេញ3E.3428 ប្រភេទក្បាលសណ្តោងដឹកមេសុីម៉ង់ត៏ បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវវែងស្រេង ទឹសដៅពីលិចទៅកើតយ៉ាងលឿន ទៅបុក រថយន្តកុងតឺន័រពីក្រោយកំពិតខាងមុខទៅមុខលែងរួច ហើយរថយន្តកុងតឺន័របានបើក ចេញទៅបាត់ នៅសល់តែរថយន្តដឹកមេសុីម៉ង់ត៏ នៅលើផ្លូវបើកសុីញ៉ូភ្លឹបៗភ្លេតរងចាំរថយន្តមកអូសចេញ ខណៈពេលនោះក៏ស្រាប់តែមាន រថយន្តម៉ាកឡិចសុីស GS300 ពណ៌ស ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខភ្នំពេញ2BG.6760 បើកបរដោយស្រ្តីម្នាក់ទំនងស្រវឹងធ្វើដំណើរតាមបណ្តោយផ្លូវវែងស្រេងក្នុងទឹសដៅពីលិចទៅកើតយ៉ាងលឿន មកបុកពីក្រោយរថយន្តដឹកមេសុីម៉ង់ត៏ពេញទំហឹងបណ្ដាលឲ្យខ្ទិចផ្នែកខាងមុខយ៉ាងដំណំ ចំណែកឯរថយន្តដឹកមេសុីម៉ង់ត៏បាក់កាងដែកខាងក្រោយ តែសំណាងល្អមិនមានអ្នករងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៏ក្រុង ចុមមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖ លី សុភាលី

Share.