ក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa អគ្គលេខាធិការនៃអង្គការសម្ព័ន្ធពិភពឥស្លាម នាព្រឹកថ្ងៃពុធនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងឆន្ទៈនយបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកម្ពស់សុខដុមនីយកម្មខាងសាសនានៅកម្ពុជា ក្នុងនោះក៏មាននយោបាយរៀបចំមន្រ្តីខ្មែរឥស្លាមឱ្យបានកាន់មុខតំណែងគណៈអភិបាលនៃរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។

សម្ដេចបន្តក្រឡាហោម បានមានប្រសាសន៍ថាជាក់ស្ដែងរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយដាក់បញ្ចូលពលរដ្ឋដែលប្រតិបត្តិសាសនាឥស្លាមចូលក្នុងការងាររដ្ឋបាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងបានប្រគល់ភារកិច្ចនេះជូនឯកឧត្តមទេសរដ្ឋមន្រ្តី អូស្មាន់ ហាសាន់ ដើម្បីរៀបចំសមាសភាពមន្រ្តីខ្មែរឥស្លាមក្នុងមុខតំណែងគណៈអភិបាលនៅរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ក្នុងជំនួបនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានគូសបញ្ជាក់អំពីកំហុសអតីតកាលរបស់មេដឹកនាំកម្ពុជាផងដែរ ពិសេសភាពមិនត្រឹមត្រូវនៃការអនុវត្តគោលនយោបាយសុខដុមនីយកម្ម និងសាសនាកន្លងមកនៅកម្ពុជា ដោយសារកំហុសរបស់មេដឹកនាំមុនៗ ជាពិសេសមេដឹកនាំរបបប្រល័យពូជសាសន៍បានហាមឃាត់ការប្រតិបត្តិខាងសាសនាគ្រប់សាសនា ដែលកំហុសនេះសម្ដេចសង្កត់ធ្ងន់ថាធ្វើឱ្យថ្នាក់ដឹកនាំជំនាន់ក្រោយត្រូវតែចៀសវាងជាដាច់ខាត។

ឯកឧត្តមបណ្ឌិត Muhammad bin Abdul Karim Issa អគ្គលេខាធិការអង្គការសម្ព័ន្ធពិភពឥស្លាម បានជម្រាបសម្ដេចក្រឡាហោម ថាទោះបីប្រជាពលរដ្ឋកាន់សាសនាឥស្លាមនៅកម្ពុជាមានភាគរយតិច ប៉ុន្តែពួកគាត់មានយល់ដឹង និងបានរស់នៅយ៉ាងស្រុះស្រួលជាមួយពលរដ្ឋខ្មែរកាន់សាសនាផ្សេងទៀត។

ឯកឧត្តមក៏បានជម្រាបសម្ដេចទៀតថា ឯកឧត្តមបានទទួលអនុសាសន៍ប្រកបដោយកិត្តិបណ្ឌិតពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី អំពីការធ្វើឱ្យមានសុខដុមនីយកម្មខាងសាសនានៅកម្ពុជា និងបានបន្តថាការរស់នៅស្រុះស្រួលគ្នានេះ គឺជាការបង្ហាញឱ្យឃើញថាកម្ពុជាជាប្រទេសមានវប្បធម៌ និងអរិយធម៌ដ៏ប្រពៃ ដែលឯកឧត្តមនឹងចែករំលែកទៅកាន់វេទិកាអន្តរជាតិ៕

Share.