បន្ទាយមានជ័យ ៖ ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងសមត្ថកិច្ចដេញតាមចាប់ឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយពីធ្វើសកម្មភាពឆក់កាបូបស្ពាយពីស្រ្តីគ្នា២នាក់កំពុងជិះម៉ូតូតាមផ្លូវ ដួលរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចផ្លូវកោងភូមិតាស្មន់ ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ខណៈដែលសមត្ថកិច្ចកំពុងដេញតាមចាប់ជនសង្ស័យទាំង៣នាក់ ប្រទះជួបជនមួយក្រុមកំពុងផ្តុំជក់គ្រឿងញៀន ក៏បានឃាត់ខ្លួននៅគ្រានោះដែរ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ សៀង សារុំ ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិរលួស ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាអ្នកបើកម៉ូតូ ។ ទី២ ឈ្មោះ ស៊ីវ ដាណេ ភេទស្រីអាយុ៣៦ឆ្នាំ រស់នៅភូមិក្លិង ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ សម្ភារៈក្នុងកាបូប លុយដុល្លារចំនួន១០៥០ ដុល្លារ ,លុយបាត៧,៥៣០០បាត, ខ្សែដៃមាស ទម្ងន់៥ ជី,ទូរសព្ទ័ ដៃ១គ្រឿងម៉ាកoppo,ប្រាក់ខ្មែរចំនួន ៩១០.០០០រៀល, កាតគ្រី ម៉ូតូ២សន្លឹក និងកាតចាក់វ៉ាក់សាំង ០១សន្លឹក ,អត្តសញ្ញាណ ប័ណ្ណសញ្ជាតិ្តខ្មែរ១សន្លឹក ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ឌុបគ្នាពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យគននា៣នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើសកម្មភាពឆក់កាបូបស្ពាយ បានសម្រេច ជិះគេចទៅបាត់ បណ្តាលឲ្យជនរងគ្រោះដួល រងរបួសធ្ងន់ម្នាក់ឈ្មោះ សុីវ ដាណេ បាក់ដៃឆ្វេង ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យក្រុងសិរីសោភ័ណ ។

ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច ចុះទៅអន្តរាគមន៍ ដេញតាមស្វែងរកចាប់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះ យ៉ុម តៃវ៉ាន់ ភេទប្រុស អាយុ២២ឆ្នាំ រួមជាមួយម៉ូតូ០១គ្រឿង នាំទៅសាកសួរ លុះដល់វេលាម៉ោង៤រសៀលថ្ងៃដដែល កម្លាំងសមត្ថកិច្ចសហការបន្តស្រាវជ្រាវ ទៅតាមចាប់ខ្លួនជនសង្ស័យដល់ផ្ទះបាន២នាក់ទៀត ទី១ ឈ្មោះ រ៉ូ ឌី ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ទី២ ឈ្មោះ ឃឿត ផាន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ដកហូតបានវត្ថុតាងកាបូបនិងសម្ភារៈដែលពួកគេឆក់បានមកវិញ ។

ជនសង្ស័យទាំង០៣នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំទៅសាកសួរនិងកសាងសំណុំរឿងនៅផ្នែកជំនាញ នៃអធិការដ្ឋានស្រុកស្វាយចេក ។ ចំណែកកាបូប និងសម្ភារៈ សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញហើយ ។

សមត្ថកិច្ចបន្តទៀតថា កម្លាំងកំពុងប្រតិបត្តិការដេញតាមចាប់ជនសង្ស័យឆក់កាបូប ស្រាប់តែប្រទះជួប ជនមួយក្រុមគ្នា៥នាក់ កំពុងផ្តុំគ្នាជក់គ្រឿងញៀន សមត្ថកិច្ចក៏ចាប់ឃាត់ខ្លួន នាំទៅផ្នែកជំនាញផងដែរ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.