មន្រ្តី​គ្រប់​គ្រង​គ្រោះ​មហន្ដរាយបាន​និយាយ​ថា​ ចំនួន​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​នៅ​អាហ្វហ្គានីស្ថាន​នា​ថ្ងៃ ពុធ ទី ២២ ខែ មិថុនា​ បាន​កើន​ឡើង​ដល់​ ១,០០០​នាក់​ និង​មាន​អ្នក​រង​របួស​ជាង ៦០០​នាក់​ ហើយ​គេ​រំពឹង​ថា ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​ជាង​នេះ​។

យោង​តាម​រូប​ថត​លើ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​អាហ្វហ្គានីស្ថាន​បាន​បង្ហាញ​ថា ផ្ទះ​ជា​ច្រើន​​ខ្នង​ត្រូវ​បាន​បំផ្លាញ​ ហើយ​សាក​សព​ជា​ច្រើន​ត្រូវ​បាន​គេ​ដាក់​លើ​ដី​ក្បែរ​នោះ​ បន្ទាប់​ពី​បាន​ជួប​ប្រទះ​នឹង​ការ​រញ្ជួយ​ដី​កម្រិត​ ៦.១រ៉ិចទ័រ​។​

ខេត្ត​ Paktika នៅ​ភាគ​អាគ្នេយ៍​គឺ​ជា​ កន្លែង​រង​ផល​ប៉ះ​ពាល់​ខ្លាំង​ជាង​គេ​ ខណៈ​ក្រុម​តាលីបង់​របស់​អាហ្វហ្គានីស្ថាន​ បាន​អំពាវ​នាវ​សុំ​ជំនួយ​ពី​អន្តរជាតិ​ដើម្បី​ជួយ​ស្ដារស្ថានភាព​នៅ​ក្នុង​ប្រទេស​។

ទាក់​ទិន​នឹង​បញ្ហា​នេះ អង្គ​ការ​សហ​ប្រជាជាតិ​កំពុង​ព្យាយាម​ផ្ដល់​ទី​​ជម្រក​បន្ទាន់​ និង​ ជំនួយ​ស្បៀង​អាហារ​ ខណៈ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ជួយ​សង្រ្គោះ​របស់​អាហ្វហ្គានីស្ថាន​ ត្រូវ​បាន​រាំង​ស្ទះនិង​ ​មាន​ភាព​ស្មុគ​ស្មាញ​ ​ដោយសារ​​ភ្លៀង​ធ្លាក់​ខ្លាំង​ បណ្ដាល​ឲ្យ​មាន​ការ​រអិល​បាក់​ដី​ ហើយ​ភូមិ​ជា​ច្រើន​កំពុង​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​ដែល​មិន​អាច​ចូល​ទៅ​ដល់​បាន​។

បុគ្គលិក​សុខា​ភិបាល​ម្នាក់​នៅ​មន្ទីរ​ពេទ្យ​ក្នុង​ខេត្ត Paktika ដែល​ជា​ខេត្ត​រង​គ្រោះ​ខ្លាំង​នោះ​បាន​ឲ្យ​ដឹង​ថា «មនុស្ស​ជាច្រើន​នៅ​តែ​កប់​នៅ​ក្រោម​ដី​នៅ​ឡើយ​។ ស្រប​ពេល​នោះ​ដែរ​ ក្រុម​ជួយ​សង្រ្គោះ​នៃ​រដ្ឋ​ឥស្លាម​អេមីរ៉ាត​បាន​មក​ដល់​ទីតាំង​កើត​ហេតុ​ ដោយ​ពួក​គេ​ព្យាយាម​យក​អ្នក​ស្លាប់ និង​ អ្នក​រង​របួស​ចេញ​ពី​ក្រោម​ដី​»។

លោក Abdul Qahar Balkhi មន្ត្រីជាន់ខ្ពស់តាលីបង់បាននិយាយថា «គួរ​ឲ្យ​សោក​ស្ដាយ​ រដ្ឋាភិបាល​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​ ដូច្នេះ​ផ្នែក​ហិរញ្ញវត្ថុ​មិន​អាច​ជួយ​ប្រជាជន​ក្នុង​កម្រិត​ដែល​ត្រូវ​ការ​បាន​នោះ​ទេ​។ ប្រទេស​​ជិត​ខាង​ ប្រទេស​ក្នុង​តំបន់​ និង​ ប្រទេស​នានា​ក្នុង​ពិភព​លោក​បាន​ផ្តល់​ជំនួយ​របស់​ពួក​គេ​។ ជំនួយ​ចាំ​បាច់ ត្រូវ​តែ​មាន​ទំហំ​ធំ​ ពី​ព្រោះ​នេះ​គឺ​ជា​ការ​រញ្ជួយ​ដី​ដ៏​សាហាវ​ដែល​មិន​ធ្លាប់​មាន​សោះ​ ក្នុង​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​ចុង​ក្រោយ​»​។​

សូម​ជម្រាប​ថា ការ​រញ្ជួយ​ដី​សាហាវ​បំផុត​ដែល​វាយ​ប្រហារ​ប្រទេស​នេះ​ក្នុង​រយៈ​ពេល​ ២​ទសវត្សរ៍​ គឺ​ជា បញ្ហា​ប្រឈម​ដ៏​ធំ​សម្រាប់​ក្រុម​តាលី​បង់​ ដែល​ជា​ចលនា​ឥស្លាម​និយម​ ដណ្ដើម​អំណាច​កាល​ពី​ឆ្នាំ​មុន​បន្ទាប់​ពី​រដ្ឋា​ភិបាល​គាំ​ទ្រ​ដោយ​លោក​ខាង​លិច​ដួល​រលំ​។ ខណៈ​ប្រទេស​នេះ ងាយ​នឹង​កើត​មាន​ការ​រញ្ជួយ​ដី​ណាស់​ ដោយ​សារ​តែ​ប្រទេស​នេះ​ស្ថិត​នៅ​លើ​តំបន់​ឧស្សាហកម្ម​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នៃ​ផ្លាក​តិច​តូ​និក​ឥណ្ឌា និង អឺរ៉ាស៊ី ដែល​មួយ​ទសវត្សរ៍​កន្លង​មក​នេះ​ មាន​មនុស្ស​ជាង ៧,០០០នាក់​ បាន​ស្លាប់​ដោយ​សារ​គ្រោះ​រញ្ជួយដី​នៅ​ក្នុង​ប្រទេសនេះ​ ដោយ​មាន​អ្នក​ស្លាប់​ជា​មធ្យម​ជាង ៥០០នាក់​ ក្នុង​ ១ឆ្នាំ​ៗ​៕

ប្រភព៖ CNA

Share.