ប្រមុខ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ហ្វាំងឡង់​ លោក ​Timo Kivinen បាន​និយាយ​ថា ប្រទេស​របស់​​ខ្លួន​បានត្រៀម​ខ្លួន​អស់​ជា​ច្រើន​ទសវត្សរ៍​សម្រាប់​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​ ហើយ​នឹង​​តស៊ូ​យ៉ាង​ម៉ឺងម៉ាត់ដល់​ដំណាក់​កាល​ចុង​ក្រោយ​​ ប្រសិន​បើ​វា​កើត​ឡើង​មែន​នោះ​។​

ការ​លើក​ឡើង​របស់​ហ្វាំងឡង់​នេះ​កើតឡើង​ ស្រប​ពេល​ដែល​ពិភព​លោក​កំពុង​ភ័យ​ខ្លាច​ថា សង្រ្គាម​លោក​លើក​ទី​៣ អាច​នឹង​ផ្ទុះ​ឡើង​។

ប្រទេស​ Nordic មួយ​នេះ​ បាន​បង្កើត​ឃ្លាំង​អាវុធ​ដ៏​ច្រើន​ ប៉ុន្ដែ​ក្រៅ​ពី​ផ្នែក​យោធា​ កត្តា​សំខាន់​មួយ​គឺ​ ប្រជាជន​ហ្វាំងឡង់​ក៏​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ប្រយុទ្ធ​ដែរ​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រមុខ​កង​កន្លាំង​ប្រដាប់​អាវុធ​ លោក Kivinen បាន​ឲ្យ​ដឹង​ក្នុង​បទ​សម្ភាសន៍​មួយ​នៅ​ក្នុង​ប្រទេស​នេះ​។

លោក​បន្ដ​ថា «យើង​បាន​បង្កើត​ប្រព័ន្ធ​ការពារ​យោធា​របស់​យើង​យ៉ាង​ជាក់​លាក់​ សម្រាប់​ប្រភេទ​នៃ​សង្រ្គាម​ដែល​កំពុង​ផ្ទុះ​ឡើង​នៅ​អ៊ុយក្រែន​ ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​កម្លាំង​អាវុធ​ កង​កម្លាំង​ពាស​ដែក​ និង កង​កម្លាំង​អាកាស​ផង​ដែរ​។ លោក​ថា អ៊ុយក្រែន​ជា​ប្រទេស​ដែល​រុស្ស៊ី​ពិបាក​វាយ​ ដូច្នេះ​គោល​ដៅ​បន្ទាប់​គឺ​ជា​ប្រទេស​ហ្វាំង​ឡង់»​។

ហ្វាំងឡង់​បាន​ធ្វើ​សង្រ្គាម​ ២លើក​ ក្នុង​ទស្សវត្សរ៍​ឆ្នាំ ១៩៤០ ប្រឆាំង​នឹង​អ្នក​ជិត​ខាង​ភាគ​ខាង​កើត​របស់​ខ្លួន​ ដែល​មាន​ព្រំដែន​ ១៣០០គីឡូម៉ែត្រ​។ ចាប់​តាំង​ពី​សង្រ្គាម​លោក​លើក​ទី​២ មក​ ទីក្រុង​ ហែលស៊ិនគី បាន​រក្សា​ការ​ត្រៀម​លក្ខណៈ​យោធា​ក្នុង​កម្រិត​ខ្ពស់​ជា​និច្ច​។

ប្រទេស​ដែល​មាន​ប្រជាជន​ចំនួន ៥,៥លាន​នាក់​ មាន​កម្លាំង​ទាហាន​ក្នុង​សម័យ​សង្រ្គាម​ចំនួន​ ២៨០,០០០​នាក់​ ដោយ​មាន​ ៨៧០,០០០​នាក់​ ត្រូវ​បាន​បណ្ដុះ​បណ្ដាល​ជា​ទាហាន​បម្រុង​។

សូម​ជម្រាប​ថា ហ្វាំងឡង់​មិន​បាន​លុប​ចោល​ការ​រើស​ទាហាន​ដូច​ប្រទេស​លោក​ខាងលិច​ទេ​ បន្ទាប់​ពី​ការ​​បញ្ចប់​សង្រ្គាម​ត្រជាក់​មក​៕

ប្រភព៖ ​The Guardian

Share.