ថ្លែងក្នុងពិធីពិធីសម្ពោធម៉ាកសមូលហភាព អង្ករក្រអូប និងអង្ករដំណើប នាព្រឹកថ្ងៃទី២៣ មិថុនា ២០២២ លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជាបានបង្ហាញការព្យាករណ៍អំពីកំណើននៃការនាំចេញអង្ករពីកម្ពុជាទៅអឺរ៉ុប។

បើតាមលោក ហ៊ុន ឡាក់ គិតត្រឹមសប្តាហ៍ទី៣ខែមិថុនា ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទ ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន៥៣ក្រុមហ៊ុនប្រមាណជាង៣១ម៉ឺនតោន កើន២១.៧៣ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២១។

ផ្អែកតាមតួលេខនេះ លោកបានបង្ហាញការព្យាករណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជាថា សម្រាប់ឆ្នាំ២០២២ ការនាំចេញអង្ករពីកម្ពុជា ទៅអឺរ៉ុបអាចនឹងមានកំណើន ជាង១០ម៉ឺនតោន ធៀបនឹងឆ្នាំ២០២១ ពោលគឺចន្លោះពី៧០ ទៅ៧៥ម៉ឺនតោន។

គួររម្លឹកថាសភាពាណិជ្ជកម្មសហភាពអឺរ៉ុប ធ្លាប់បានសម្រេចគិតពន្ធលើការនាំចូលអង្ករកម្ពុជា រយៈពេលបីឆ្នាំជាប់គ្នាចាប់ពីឆ្នាំ២០១៩ ធ្វើឱ្យការនាំចេញអង្ករពីកម្ពុជាទៅទីផ្សារប្រទេសនៃតំបន់អឺរ៉ុស្គាល់កាធ្លាក់ចុះគួរឱ្យកត់សម្គាល់នារយៈពេលបីឆ្នាំចុងក្រោយ។

យ៉ាងណាក៏ដោយរយៈពេលគិតពន្ធលើអង្ករកម្ពុជាពីសហភាពអឺរ៉ុបនោះបានផុតសុពលភាពទៅហើយកាលពីខែមករា ឆ្នាំ២០២២នេះ។ ការរួចផុតពន្ធនេះ បានផ្ដល់លទ្ធភាពជាថ្មីឱ្យកម្ពុជាក្នុងការនាំអង្ករទៅកាន់ទីផ្សារអឺរ៉ុប។

ដើម្បីជំរុញការនាំចេញនៅថ្ងៃនេះ កម្ពុជាបានសម្ពោធម៉ាកអង្ករសមូលហភាពsko នៃពូជស្រូវសែនក្រអូប ០១ និងម៉ាកអង្ករដំណើបសមូហភាព dsmk នៃពូជស្រូវដំណើបស្បៃមង្គលក្រោមអធិបតីភាព រដ្ឋមន្ត្រីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ៕

Share.

Leave A Reply