ភ្នំពេញ៖  ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ​បានប្រកាសឲ្យម្ចាសហ្វេសបុក ឈ្មោះ Bong Hak ឲ្យចូលខ្លួនមកបកស្រាយ ក្នុងករណីអគ្គិភ័យឆេះផ្ទះ នៅសង្កាត់ទួលទំពូងទី១ ថា២០នាទីហើយមិនទាន់មានឡានទឹកមកដល់ ប្រហែលស្រវឹង ដេកបាត់អស់ហើយ។

កាលពីថ្ងៃទី២២ ខែមិថុនា​ ឆ្នាំ២០២២ មានករណីអគ្គិភ័យ​ឆាបឆេះផ្ទះ ស្ថិតនៅតាមបណ្តោយផ្លូវលេខ​៤៣០ កែងផ្លូវ១១៥​ ក្នុងសង្កាត់ទួលទំពូងទី១​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ ហើយក៏មានហ្វេសបុកមួយឈ្មោះថា Bong Hak ដែលបានសរសេរខមិនក្នុងការឡាយថា​ (២០នាទីហើយឡានទឹកមិនទាន់មកដល់ប្រហែលស្រវឹងដេកបាត់អស់ហើយ)​។

ទើបការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះហ្វេស បុក​ Bong Hak ដែលបានសរសេរបែបនេះ​ ​និងធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ។

ហើយសូមឲ្យម្ចាស់ហ្វេសបុកឈ្មោះ​ Bong Hak ខាងលើនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការនគរបាលរាជធានីភ្នំពេញ​ ជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាលយើង​ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ។

ទើបនៅព្រឹកថ្ងៃទី២៣ ខែមិថុនា​​ ឆ្នាំ២០២២​ បុរសម្នាក់ឈ្មោះ​ ហួន​ ហាក់​ ដែលជាម្ចាស់អាខោនហ្វេសប៊ុក​ Bong Hak បានចូលទៅខមិ​នថា​ (២០នាទីហេីយឡានទឹកមិនទាន់មកដល់😂😂ប្រហែលស្រវឹងដេកបាត់អស់ហេីយ)​ ដែលជាការប្រមាទមេីលងាយមកលេីកម្លាំងសមត្ថកិច្ចពន្លត់អគ្គិភ័យរបស់យេីង​ ហេីយត្រូវបានសមត្ថកិច្ចកោះហៅ​ ចូលខ្លួនមកបំភ្លឺ​ និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន​។ និងធ្វើការថតវីដេអូសុំទោសជាសាធារណៈ ចំពោះប្រជាពលរដ្ឋ​ ជាពិសេស​ សមត្ថកិច្ចជាមន្ត្រីអនុវត្តច្បាប់​ ដើម្បីសុំការលើកលែងទោស​៕

អត្ថបទ៖ រាជធានីភ្នំពេញ

Share.