ដំណើរការសាងសង់ផ្លូវជាតិលេខ១០ ប្រវែងជាង១៩៨គីឡូម៉ែត្រ ភ្ជាប់ពីស្រុកសំឡូតខេត្តបាត់ដំបង ទៅស្រុកវាលវែង ខេត្តពោធិ៍សាត់ កាត់តាមអូរសោមដល់ខេត្តកោះកុង សម្រេចបានប្រមាណ៦៤ភាគរយហើយ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្ត្រីបច្ចេកទេសចុះត្រួតពិនិត្យដំណើរការសាងសង់ផ្លូវថ្មីនេះ ក្នុងនោះក៏រួមទាំងពិនិត្យមើលទីតាំងត្រូវសាងសង់ស្ពានខ្ពស់ជាងគេនៅកម្ពុជាផងដែរ។

បើតាមឯកឧត្តមទេសរដ្ឋមន្រ្តី ស្ពានកម្ពស់ជិត៩០ម៉ែត្រនេះ ជាស្ពានខ្ពស់ជាងគេនៅកម្ពុជា និងមានប្រវែងជាង៥០០ម៉ែត្រ ឆ្លងកាត់ខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ នៅលើស្ពាននេះ នឹងមានការសាងសង់កន្លែងសម្រាប់អ្នកដំណើរឈប់គយគន់ទេសភាពផងដែរ។

សូមបញ្ជាក់ថាគម្រោងសាងសង់ផ្លូវជាតិលេខ១០ខាងលើនេះ មានប្រវែងសរុបចំនួន១៩៨,៥១៨គីឡូម៉ែត្រ មានទទឹងតួផ្លូវសរុប៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់(DBST) សាងសង់ស្ពាន២៨ កន្លែងប្រវែង១៧២១,៤៦ម៉ែត្រ៕

Share.