ទម្លាយចេញមកហើយណាហ្វេន! សម្រាប់វីដេអូ Trailer ដំបូងរបស់ភាពយន្ត «បុព្វេសន្និវាស ២» ដែលជាវគ្គបន្តចេញពីរឿងភាគ បុព្វេសន្និវាស ធ្លាប់ល្បីល្បាញទូទាំងប្រទេស និងសកលលោកជាប្រវត្តិសាស្ត្រភាពយន្តថៃ។ ក្នុងនោះដែរ រឿងភាគមួយនេះបានធ្វើឱ្យហ្វេនគាទ្របំភ្លេចមិនបាន ជាពិសេសការស្លៀកសម្លៀកបំពាក់បុរាណតាមតួសម្ដែង ការនិយាយភាសាថា «អចៅ» និងចាំជាងគេគឺឈ្មោះរបស់ ការ៉ាកេត ដែលជានារីឆ្លងភពក្នុងឆ្នាំ ២០១៨។

សូមទស្សនាវីដេអូនេះសិន៖

យ៉ាងណាមិញ បើទោះជាបញ្ចេញ Trailer ដំបូងរបស់ភាពយន្តនេះមានឈុតឆាកខ្លះៗទាក់ទាញគួរឱ្យចង់ទៅទស្សនា ក៏ប៉ុន្តែថ្ងៃនេះយើងមកដឹងទាំងអស់គ្នាអំពី ៣ ចំណុចរបស់ភាពយន្ត «បុព្វេសន្និវាស ២» មុនសម្រេចចិត្តទៅទស្សនានៅរោងភាពយន្ត។ តោះមកតាមដានទាំងអស់គ្នា៖

១. ជារឿងដំបូងដែលល្បីជាប្រវត្តិសាស្ត្រក្នុងវិស័យភាពយន្តថៃ

បដិសេធមិនបានឡើយចំពោះរឿងភាគ«បុព្វេសន្និវាស» ភាគដំបូង ដែលទទួលភាពជោគជ័យក្នុងការគាំទ្រ រហូតដល់ហ្វេនទូទាំងពិភពលោកចងចាំនូវពាក្យបុរាណថៃថា «អចៅ» ដែលមានន័យដូចគ្នានឹងពាក្យបច្ចុប្បន្នថា « នាង , អ្នក »។ ភាគដំបូងនោះ ក៏បានធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោកចាប់អារម្មណ៍ និងមកទស្សនានូវតំបន់ទេសចរណ៍បែបបុរាណរបស់ប្រទេសថៃ ហើយលើសពីនោះ ពួកគេក៏បានស្លៀកសម្លៀកបំពាក់បែបបុរាណដើរកម្សាន្តនៅក្នុងប្រទេសថៃថែមទៀតផង។

តែបើនិយាយពី Rating រឿងនេះវិញ សឹងតែថាអាចលើសពី 10/10 ទៅទៀត ដូច្នោះហើយបានជាក្រុមហ៊ុនផលិតភាពយន្តដណ្ដើមគ្នាផលិតវគ្គបន្តចេញពីរឿងភាគមួយនេះ។ បើតាមដំណឹងផ្សព្វផ្សាយ ភាពយន្តនេះក៏ធ្លាប់បានចចារឱ្យទៅក្រុមបរទេសផលិតម្ដងដែល ប៉ុន្តែចុងក្រោយក៏សម្រេចឱ្យក្រុមហ៊ុនភាពយន្តធំក្នុងស្រុកថៃផលិតបន្តវិញ ព្រោះពួកគេអាចបន្តរសជាតិនិយមជាថៃដូចគ្នា។ យើងនឹងចាំមើលបន្តទៀតថា តើវគ្គ២នេះ មានសាច់រឿងល្អមើលនឹងទាក់ទាញជាងវគ្គ ១កម្រិតណា?

.ជារឿងភាគផលិតចេញពីប្រលោមលោកដែលលក់ដាច់បំផុត

មុនពេលផលិតជារឿងភាគសម្រាប់ទូរទស្សន៍ «បុព្វេសន្និវាស» គឺកើតចេញពីសៀវភៅប្រលោមលោកដែលលក់ដាច់ជាងគេបំផុតនៅក្នុងស្រុកថៃ ដែលនិពន្ធឡើងដោយអ្នកនិពន្ធ រ៉ម ផែង ។ ក្រោយមកក៏ត្រូវបានសម្រួល និងសរសេរចេញជាអត្ថបទភាពយន្តវិញម្ដងដោយ អ្នកនិពន្ធ ឡៃយ៉ា និងដឹកនាំសម្ដែងដោយ ផាវ៉ាត់ ផាណាំងខាស៊ីរី ជាកំពូលអ្នកដឹករឿងបែបស្នេហាមនោសញ្ចេតនាស៊ីអារម្មណ៍នៅក្នុងស្រុកថៃ។ រឿងបែបឆ្លងភពមួយនេះ មិនមែនជារឿងដំបូងដែលថៃបានផលិតនោះទេ ប៉ុន្តែគឺជារឿងដំបូងក្នុងប្រវត្តិសាស្ត្រដែលថៃបានផលិតដើម្បីជំរុញគោលដៅទេសចរណ៍ឱ្យកាន់តែរកចំណូលបានច្រើនជួយសេដ្ឋកិច្ចជាតិ។

៣. ជាភាពយន្តផលិតដោយក្រុមហ៊ុន GDH

ហ្វេនអ្នកទស្សនាភាពយន្តបានស្គាល់មកហើយថា ក្រុមហ៊ុន GDH ជាក្រុមហ៊ុនធំបំផុតក្នុងស្រុកថៃ ដែលផលិតភាពយន្តឱ្យអ្នកទស្សនាស្លង់អារម្មណ៍តាមភាពយន្ត និងប្រកបដោយគុណភាព។ ជាក់ស្ដែងភាពយន្តល្បីដែលចេញពី GDH រួមមាន «Friend Zone » «BAD GENIUS » «THE PROMISE » «HOMESTAY» «ONE DAY» «FAST & FEEL LOVE» និងចុងក្រោយស្នាដៃសហការជាមួយកុនកូរ៉េ «THE MEDIUM»។ រហូតមកផលិតភាពយន្ត «បុព្វេសន្និវាស ២» ដែលដឹកនាំរឿងដោយលោក ប៊ីង អាឌិសន ទើបហ្វេនធ្វើឱ្យរំពឹងទុកថា ច្បាស់ជាមានឈុតស្នេហាស៊ីអារម្មណ៍ និងការរំលេចឈុតសសំខាន់ឱ្យកាន់តែមើលទៅអស្ចារ្យជាងមុនទៅទៀត។

ព្រោះតែ ៣ ចំណុចរៀបរាប់ខាងលើនេះហើយ បានជា Admin ចង់ឱ្យហ្វេនដឹងសិន មុនពេលទៅទស្សនាភាពយន្តមួយនេះនៅក្នុងរោង។ ហើយភាពយន្តនេះដែរ នឹងមានចាក់បញ្ចាំងនៅក្នុងប្រទេសថៃ ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២២នេះ ថាតើជាតិបន្តទៀតរបស់ ការ៉ាកេត និងឃុនភីម៉ឺន ទៅជាយ៉ាងណាវិញ?

Share.