ប្រធានាធិបតី​អាមេរិក​ លោក Joe Biden បាន​ស្នើ​ឲ្យ​សភា​ផ្អាក​ការ​យក​ពន្ធ​ប្រេង​ឥន្ទនៈ​រយៈ​ពេល​ ៣​ខែ​ ដើម្បី​កាត់​បន្ថយ​តម្លៃ​ប្រេង​ឡើង​ថ្លៃ​។

លោក Biden បាន​និយាយ​ថា លោក​កំពុង​អំពាវ​នាវ​ឲ្យ​សភា​ផ្អាក​ការ​យក​ពន្ធ​ អំឡុង​ពេល​ធ្វើ​ដំណើរនា​រដូវ​ក្ដៅ​រហូត​ដល់​ចុង​ខែ​ កញ្ញា​។ លោក​ថា ការ​បញ្ចុះ​តម្លៃ​ឧស្ម័ន​នឹង​ផ្ដល់​ការ​ធូរ​ស្រាល​ខ្លះ​សម្រាប់​ការ​ចំណាយ​ដល់​ក្រុម​គ្រួសារ​អាមេរិក​មួយ​ចំនួន​។​

តម្លៃ​ប្រេង​សាំង​នៅ​ក្នុង​ខែ​នេះ​ គឺ​ខ្ពស់​ជាង ៦០%​ កាល​ពី​ឆ្នាំ​មុន​ ដែល​ជា​តម្លៃ​ខ្ពស់​បំផុត​ក្នុង​កំណត់​ត្រា​។ ខណៈ​ពន្ធ​ឧស្ម័ន​​ហ្គាស​បច្ចុប្បន្ន​គឺ​ប្រហែល​ ១៨​សេន​ ក្នុង​ ១​ហ្គាឡុង​។

អត្រា​អ្នក​គាំទ្រ​លោក​ Biden ​បានធ្លាក់​ចុះ​ក្នុង​កម្រិត​ទាប​បំផុត​ចាប់​តាំង​ពី​លោក​ចូល​កាន់​តំណែង​ ដោយ​ជាក់​ស្ដែង​លោក​សង្ឃឹម​ថា នឹង​ទទួល​បាន​ការ​គាំទ្រ​មក​វិញ​ដោយ​ធ្វើ​សកម្មភាព​ដើម្បី​សម្រាលបន្ទុក​លើ​អ្នក​ប្រើ​ប្រាស់​។

ទោះ​បី​ជាមាន​ចំណាត់​ការ​សម្រាល​បន្ទុក​យ៉ាង​ណា​ក្ដី​ គណបក្ស​សាធារណរដ្ឋ​ និង គណបក្ស​ប្រជាធិបតេយ្យ​ខ្លះ​នៅ​មាន​ចម្ងល់​ចំពោះ​ផែន​ការ​នេះ​ ហើយ​អ្នក​ខ្លះ​និយាយ​ថា វា​នឹង​កាត់​បន្ថយ​ប្រាក់​ចំណូល​ថែ​ទាំ​​ផ្លូវ​ និង ហេដ្ឋារចនា​សម្ព័ន្ធ​ផ្សេង​ៗ​ទៀត​ជា​ដើម​៕

ប្រភព៖ NHK

Share.