«ខ្ញុំសូមរំលឹកអំពីការចងចាំនូវការដឹងគុណ ដែលយើងបានផ្ដល់ឱ្យគ្នាទៅវិញទៅមកពីអតីតកាល ក្នុងបុព្វហេតុរំដោះ ការបង្រួបបង្រួមឯករាជ្យ និងការអភិវឌ្ឍជាតិ»។ នេះជាសម្រង់ខ្លឹមសារក្នុងព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ផ្ញើជូនជូន ឯកឧត្តម ង្វៀន សួនហ្វ៊ុក ប្រធានរដ្ឋវៀតណាម និងឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ព្រះរាជសារព្រះករុណាជាអម្ចាស់ជីវិតលើត្បូង បានផ្ញើជូនមេដឹកនាំកំពូលប្រទេសវៀតណាម គឺក្នុងឱកាសប្រារព្ធខួប៥៥ឆ្នាំនៃចំណងការទូតប្រទេសទាំងពីរ។ ព្រះអង្គជឿជាក់ថាការប្រារព្ធខួបលើកទី៥៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងពង្រឹងបន្ថែមនូវស្មារតីភាពជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ផលប្រយោជន៍ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ»។

គួររម្លឹកថាកម្ពុជា និងវៀតណាម ធ្លាប់មានប្រវត្តិរួមសាមគ្គីគ្នាប្រឆាំងអាណានិគមនិយមបារាំង ហើយបន្ទាប់មក កម្ពុជាធ្លាប់បានជួយវៀតណាមខាងជើងឱ្យឈានទៅបង្រួបបង្រួមទឹកដីជាមួយវៀតណាមខាងត្បូង មុនពេលវៀតណាមជួយកម្ពុជាផ្ដូលរំលំរបបខ្មែរក្រហម។ ដើម្បីរម្លឹកប្រវត្តិជួយគ្នាទៅវិញទៅមក នៅកម្ពុជាមានការសង់ស្ដូបអនុស្សាវរិយ៍ទាំងនៅភ្នំពេញ​ និងបណ្ដាខេត្តមួយចំនួន ដោយមានចរិកពីប្រវត្តិដែលប្រទេសក្បែរខាងទាំងពីរធ្លាប់មានគុណលើគ្នា៕

Share.