«ភស្តុតាងកាន់តែច្រើនឡើងបានបង្ហាញថា ការប្រើប្រាស់បារីអេឡិចត្រូនិចបង្ករឲ្យមានរបួសសួតដោយ ចំហាយទឹកដលបំភាយចេញពី បារីអេឡិចត្រូនិច មានជាតិនីកូទីន និង ភាគល្អិតតូច អ៊ុលត្រាហ្វាញដែលមានសមត្ថភាពជ្រៀតចូលទៅក្នុងសួតបានកាន់តែជ្រៅ»។ នេះជាសារព្រមានក្នុងសេចក្ដីជូនព័ត៌មានដែលក្រសួងសុខាភិបាលកម្ពូជា ចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ។ បើតាមក្រសួងសុខាភិបាល សារធាតុគីមីផ្តល់រសជាតិបារីអេឡិចត្រូនិចអាចបង្កឱ្យមានជំងឺសួតធ្ងន់ធ្ងរ និងបង្កអន្តរាយដល់រាង្គកាយមនុស្សធ្ងន់ធ្ងរ។

សារព្រមានចេញដោយក្រសួងសុខាភិបាលនាពេលនេះ គឺបន្ទាប់ពីសមត្ថកិច្ចពាក់ព័ន្ធ រួមមានអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងក្រុមអង្គការសង្គមស៊ីវិលធ្វើការងារផ្នែកសុខាភិបាលសាធារណៈ បានសម្ដែងក្ដីព្រួយបារម្ភ និងកំពុងចាត់វិធានការដើម្បីលុបបំបាត់និន្នការនៃការនិយមប្រើប្រាស់បារីអេឡិចត្រូនិករបស់ក្រុមយុវវ័យដែលកំពុងកើនឡើងក្នុងរយៈពេលចុងក្រោយនេះ។

ក្រសួងសុខាភិបាលដែលជាក្រសួងជំនាញ បានអះអាងទៀតថាភស្តុតាងជាច្រើនបង្ហាញថានៅពេលប្រើប្រាស់បារីអេឡិចត្រូនិច សារធាតុគីមី និងជាតិ នីកូទីនត្រូវបានស្រូបចូលទៅក្នុងរាង្គកាយហើយចូលទៅក្នុងខួរក្បាលរបស់អ្នកជក់ ហើយថាបារីអេឡិចត្រូនិច៩៩% មានផ្ទុក ជាតិនីកូទីន ខណៈការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោម កុមារ និងមនុស្សវ័យជំទង់មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការ អភិវឌ្ឍខូរក្បាល ប៉ះពាល់ដល់ការចងចាំ ការសិក្សា និងបង្កជំងឺការថប់អារម្មណ៍។

ផ្ទុយពីសតិអារម្មណ៍ដែលថាបារីអេឡិចត្រូនិកជួយឱ្យផ្ដាច់បារីធម្មតានោះ ក្រសួងសុខាភិបាលថាការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិចជាផ្លូវនាំឲ្យយុវជនក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។ ការប្រើប្រាស់បារីអេឡិចត្រូនិចនៅកម្ពុជាត្រូវបានហាមឃាត់ ហើយការធ្វើអាជីវកម្ម លក់ ចែកចាយបារីអេឡិចត្រូនិចនេះក៏ត្រូវបានហាមឃាត់ដូចគ្នា ចាប់តាំងពីឆ្នាំ២០១៨ ប៉ុន្តែទោះបីមានសេចក្ដីណែនាំនេះរួចហើយក៏ដោយ ក្រសួងសង្កេតឃើញថាក្នុងពេលថ្មីៗនេះមានជនឆ្លៀតឱកាសធ្វើផ្សព្វផ្សាយលក់ ផលិតផល អេចឈឺ ធី ភី (HTPs) ឬ (E-cigarette) តាមរយៈបណ្ដាញព័ត៌មានសង្គម៕

Share.