ជាងខែក្រោយមរណភាពសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង ទើបតែនៅថ្ងៃសុក្រ ទី២៤ ខែមុថនានេះទេ ដែលឯកឧត្តម ហ៊ុន សាន ដែលជាបងប្រុសធំត្រកូល«ហ៊ុន»បានដឹងថាប្អូនប្រុសទី២បានលាចាកលោកទៅហើយ។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះឱ្យជនរួមជាតិបានដឹងរឿងរ៉ាវនេះតាមរយៈទំព័រហ្វេសប៊ុកនៅល្ងាចនេះ។

ភ្ជាប់ដោយរូបថតឯកឧត្តម ហ៊ុន សាន អង្គុយយកក្រមាជូតមុខដោយសេចក្ដីក្រៀមក្រំ សម្ដេចតេជោ ហ៊ុន សែន ​ដែលត្រូវជាប្អូនប្រុសទី៣ បានសរសេរថា «ដោយសុខភាពបងប្រុសទីមួយបានប្រសើរព្រមទាំងពេលវេលាក៏សមស្របខ្ញុំបានណែនាំប្អូនៗនិងក្មួយៗយកដំណឹងអំពីមរណភាពបងប្រុសទីពីរជំរាបគាត់»។

បើតាមសម្ដេចតេជោ ប្រតិកម្មដំបូងក្រោយទទួលព័ត៌មានថាប្អូនប្រសុស គឺសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាពហើយនោះ ឯកឧត្តម ហ៊ុន សាន មានភាពស្រឡាំងកាំង ញ័ដៃ ភ្នែកឡើងក្រហម និងបានពោលពាក្យដដែលៗថាហេតុអ្វីបានក្រុមគ្រួសារលាក់ព័ត៌មាននេះ។

សម្ដេចតេជោបានសរសេរទៀតថា«ក្រោយការពន្យល់របស់ប្អូនៗនិងក្មួយៗ គាត់យល់តែអ្វីដែលបារម្មណ៍គឺក្រោយពេលប្អូនៗនិងក្មួយៗចេញផុតមកគាត់អង្គុយយំ និងពិសារគុយទាវតែ២ម៉ាត់គត់។ គាត់បាននិយាយថាប្អូនគាត់មិនមានជម្ងឺអ្វីសោះនិងបន្តនិយាយថាហេតុអីមិនប្រាប់គាត់»។

វីដ្បិតមិនបាននៅក្បែរបងប្រុសក្នុងគ្រាទទួលដំណឹងដ៏ក្រៀមក្រំនេះ តែសម្ដេចតេជោ បានណែនាំឱ្យក្មួយៗតាមដានជាប់សកម្មភាពឯកឧត្តម ហ៊ុន សាន។ សម្ដេចសរសេរថា «ខ្ញុំកំពុងឱយក្មួយៗតាមដាននិងលួចថតរូបគាត់ផ្ញើមកខ្ញុំ។ គាត់ពិតជាពិបាកទទួលយកនូវរឿងបែបនេះណាស់ព្រោះនេះជាការវាយប្រហារខាងផ្លូវចិត្តខ្លាំងបំផុតសម្រាប់គាត់»។

សូមបញ្ជាក់ថាសម្ដេចឧត្តមទេពញាណ ហ៊ុន ណេង បានទទួលមរណភាព ក្នុងវ័យ៧២ឆ្នាំ ដោយជំងឺគាំងបេះដូង កាលពីព្រលប់ម៉ោង៦:២៥នាទី នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២។ ឯកឧត្តម ហ៊ុន សាន ត្រូវបានក្រុមគ្រួសារលាក់មិនឱ្យដឹងដំណឹងនេះ​ ដោយសារកំពុងព្យាបាលជំងឺនៅប្រទេសថៃ៕

Share.