នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី នា​ល្ងាច​ថ្ងៃ​សុក្រ ទី​២៤ ខែ​មិថុនា ឆ្នាំ​២០២២ នេះ​ក្រុម​បាល់ទាត់​វិសាខា របស់​កម្ពុជា បាន​យក​ឈ្នះ​លើ​ក្រុម​គីឡូ AFC Champion League មក​ពី​ហ្វីលីពីន Kaya F.C.–Iloilo ដោយ​លទ្ធផល ២-១ លើ​ទីលាន​កីឡដ្ឋានKapten I Wayan Dipta Stadium ក្នុង​ខេត្ត Gianyar ដែល​ជា​ជំនួប​បើក​ពូល G នៃ​ពានរង្វាន់ AFC Cup 2022។

ការ​ប្រកួត​ដែល​កាន់​កញ្ចែ​ដោយ​លោក​អាជ្ញាកណ្ដាល Abdul Hakim Haidi មក​ពី​ប្រទេស​ប្រ៊ុយណេ បាន​ចាយ​កាត​ចំនួន​៥​សន្លឹក ខណៈ​កីឡាករ Arnel Amita រក​បាន​គ្រាប់​បាល់​បើក​ឆាក​ឱ្យ​ក្រុម Kaya នៅ​នាទី​៣០ ហើយ​ចូល​ដល់​តង់ទី២​​នៅ​នាទី​៤៧​កីឡាករ កែន ចាន់សុភ័ក្រ រក​បាន​គ្រាប់​បាល់​ឱ្យ​វិសាខា តាម​ស្មើ​ ១ទល់១ វិញ ស្រប​ពេល​ដែល​ដល់​នាទី​៥៩​កីឡាករ សា ទី បាន​រក​គ្រាប់​បាល់​ទី២​និង​ជា​គ្រាប់​ជ័យជម្នះ តែ​ម្តង។

ក្រុម Kaya F.C.–Iloilo បាន​ឡើង​ដល់​វគ្គ​ចែក​ពូល​ក្នុង​ពានរង្វាន់ AFC Champion League 2021 កន្លង​ទៅ​ ក្រោយ​យក​ឈ្នះ​ក្រុមចិន Shanghai Port ដោយ​លទ្ធផល ១-០ ក្នុង​វគ្គ​ជម្រុះ។ ក្រោយ​ទទួល​ជ័យជម្នះ​វគ្គ​ជម្រុះ​ក្រុម​ហ្វីលីពីន មួយ​នេះ​​ឡើង​ទៅ​វគ្គ​ចែក​ពូល ក្នុង​ពូល F ដែល​មាន Ulsan Hyundai របស់​កូរ៉េខាងត្បូង,BG Pathum United របស់​ថៃ និង​Viettel របស់​វៀតណាម។ តែ​ក្រុម Kaya F.C.–Iloilo ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែក​ពូល​ក្រោយ​ប្រកួត​៦លើក ចាញ់​ទាំង​៦លើក ទាត់​ចូល​ទី​គេ​បាន​២គ្រាប់ និង​របូត​វិញ​១៦គ្រាប់។

នៅ​ឆ្នាំ​២០២២ នេះ​ក្រុម Kaya F.C.–Iloilo បន្ត​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Champion League ទៀត​​តែ​ចាញ់​ម្ចាស់​ផ្ទះ Sydney FC របស់​អូស្ត្រាលី នៅ​វគ្គ​ជម្រុះ​បឋម​ក្នុង​តំបន់​អាស៊ី​ខាង​កើត​ដោយ​លទ្ធផល ៥-០។

សម្រាប់​ប្រកួត​ផ្សេង​ទៀត​ក្នុង​ពូល G នេះ​មាន៖
*២៤ មិថុនា ២០២២
​-Kaya F.C.–Iloilo ១-២ វិសាខា
-Bali United ប៉ះ Kedah Darul Aman
*២៧ មិថុនា ២០២២
-វិសាខា ប៉ះ Bali United
-Kedah Darul Aman ប៉ះ Kaya F.C.–Iloilo
*៣០ មិថុនា ២០២២
-Kaya F.C.–Iloilo ប៉ះ Bali United
-Kedah Darul Aman ប៉ះ វិសាខា

Share.