ភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុមមានគ្នាជាង១០នាក់ ប្រដាប់ដោយកាំបិត ដំបង ដាវ ជិះម៉ូតូចំនួន៥គ្រឿង ចូលទៅធ្វើសកម្មភាព កាប់ម៉ូតូចំនួន២គ្រឿងបណ្តាលឲ្យរងខូចខាតខ្ទេច ខណៈដែលម្ចាស់មិនដឹងរឿង ផ្អើលអស់ពលរដ្ឋក្បែរខាង។ក្រោយមកក្រុមក្មេងស្ទាវទាំងនោះនាំគ្នាគេចខ្លួនអស់ដោយសុវត្តិភាព ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ នៅមុខផ្ទះលក់ភេសជ្ជៈ ក្នុងបុរីធូ លន ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ម៉ូតូចំនួន២គ្រឿងដែលក្មេងស្ទាវកាប់បំផ្លាញ ៖ ម៉ាកហុងដាឌ្រីម សេរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JF-6478 ជាម៉ូតូភ្ញៀវចូលទៅរកទិញអីហូប និងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IP-1800 ជាម៉ូតូរបស់ម្ចាស់ផ្ទះ ដាក់បញ្ឈរក្បែរគ្នា ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា កាលពីវេលាម៉ោង៤និង៣០នាទីមានក្មេង២ក្រុមបង្កហឹង្សាដាក់គ្នាម្តងរួចហើយ នៅក្នុងបុរីប៊ុន ហួរ ជាប់គ្នានេះដែរ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យចុះទៅបង្ក្រាបចាប់ឃាត់នាំទៅប៉ុស្តិ៍ចោមចៅទី២ ចំនួន១៧នាក់។ លុះមកដល់វេលាម៉ោង៦និង៣០នាទីព្រលប់ថ្ងៃដដែល លេចមុខក្រុមក្មេងទំនើងមួយក្រុមមានគ្នាជាង១០នាក់ ប្រដាប់ដោយដាវ ដំបង កាំបិត ជិះទៅចូលទៅកាប់ម៉ូតូប្រ៉ាវៗ ខ្ទេច២គ្រឿង ធ្វើឲ្យទាំងភ្ញៀវ ទាំងម្ចាស់ផ្ទះស្រឡាំងកាំង ហើយក្រុមក្មេងទាំងនោះជិះម៉ូតូគេចខ្លួនបាត់អស់ដោយសុវត្តិភាព ។

ក្រោយពីក្រុមក្មេងទំនើងចូលអុកឡុក កាប់ម៉ូតូខ្ទេច២គ្រឿងរួចមក ម្ចាស់ម៉ូតូបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ រកក្រុមក្មេងទាំងនោះ មកចាត់ការតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.