កំពង់ស្ពឺ ៖ រថយន្តកូរ៉េទ្រុងដឹកកម្មករមួយគ្រឿង ដឹកកម្មករឆ្ពោះទៅរោងចក្រ បើកលឿនបត់ផ្លូវកែង ក្រឡាប់ផីងខ្លួនឯង ចាក់កម្មករចោលតាមផ្លូវ រងរបួស២៧នាក់ ធ្ងន់១១នាក់ ស្រាល១៦នាក់ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវលំក្នុងភូមិច្រកពូល ឃុំជម្ពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

រថយន្តជួបគ្រោះថ្នាក់ខាងលើ កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-2816 ដឹកកម្មករចំនួន២៧នាក់ ចេញពីបណ្តាយភូមិឆ្ពោះទៅរោងចក្រ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបើកលឿន តាមផ្លូវលំក្នុងភូមិ លុះដល់ផ្លូវកែងបត់ យកចង្កូតមិនទាន់ ក្រឡាប់ផ្ងារជើងខ្លួនឯង បណ្តាលឲ្យកម្មករចំនួន២៧នាក់រងរបួស ក្នុងនោះរបួសធ្ងន់១១នាក់ របួសស្រាល១៦នាក់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកបញ្ជូនទៅ មន្ទីរពេទ្យបង្អែកស្រុកឧដុង្គ ចំណែករថយន្តសមត្ថកិច្ចលើក រួចអូសយកទៅរក្សាទុកនៅអធិការដ្ឋាន រងចាំដោះស្រាយជាក្រោយ ៕

អត្ថបទ៖ តាតុង សែនជ័យ

Share.