ភ្នំពេញ ៖ ស្ត្រីម្នាក់កំពុងឈប់ម៉ូតូនិយាយទូរស័ព្ទ ត្រូវបានជនសង្ស័យម្នាក់ជិះម៉ូតូ ម៉ាកស្កុបពីពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IV-5053 ធ្វើសកម្មភាពឆក់យកទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង៣និង១៣នាទីរសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវបេតុងលេខ៣៥១ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូ ម៉ាកស្កុបពីពណ៌ស ទឹកសមុទ្រ ទៅឈប់ត្រង់ចំណុចកើតហេតុ កំពុងតែនិយាយទូរស័ព្ទភ្លេចខ្លួន ត្រូវបានជនសង្ស័យដៃឆើត ជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1IV-5053 បានឆក់យកទូរស័ព្ទពីដៃ ហើយគេចខ្លួនបាត់ ផ្អើលអ្នកភូមិ លាន់មាត់គ្រប់គ្នា ដោយស្គាល់ស្លាកលេខច្បាស់ចេស ។

ក្រោយកើតហេតុ អ្នកភូមិប្រាប់ជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ខណៈដែលស្គាល់ស្លាកលេខម៉ូតូរបស់ជនសង្ស័យហើយ ដើម្បីទុកឲ្យសមត្ថកិច្ចស្រាវជ្រាវ ៕

អត្ថបទ÷ តាតុង សែនជ័យ

Share.