ក្នុង​ជំនួប​រវាង​បឹងកេត ជាមួយ​ណាហ្គាវើល ក្នុង​ប្រកួត​សប្ដាហ៍​ទី​៨ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២៥ ខែ​មិថុនា ឆ្នាំ​២០២២ លើ​ទីលាន​កីឡដ្ឋាន​ Cambodia Airway ត្រូវ​បាន​លោក​អាជ្ញាកណ្ដាល លឹម ប៊ុនធឿន ពិន័យ​កាត​សរុប​១៩​សន្លឹក​ឯណោះ ខណៈ​លទ្ធផល​បញ្ចប់​ទៅ​ក្រុម​ភ្ញៀវ​ណាហ្គាវើល យក​ឈ្នះ​ម្ចាស់​ផ្ទះ​បឹងកេត ១-០។

លោក អាជ្ញាកណ្ដាល លឹម ប៊ុនធឿន

នៅ​ក្រោយ​អាជ្ញាកណ្តាល​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត​មាន​ការ​ប៉ះ​ពាក្យ​សម្តី​គ្នា​រវាង​កីឡាករ​អ៊ីរ៉ង់ Taher Jahanbakhsh របស់​បឹងកេត ជាមួយ​កីឡាករ គួច ដានី របស់​ណាហ្គាវើល ហើយ​ឈាន​ផ្ទុះ​ទៅ​ជា​ការ​ប៉ះ​ទង្គិច​ធំ។

បើ​ទោះ​ជា​ការ​ប្រកួត​នេះ​ថែម​ម៉ោង​បង្រ្គប់​នៅ​តង់ទី២​តែ​៤នាទី​ក្តី​ តែ​ការ​ប្រកួត​ពន្យា​ដល់​៦នាទី ខណៈ​កីឡាករ​និង​ថ្នាក់​ដឹកនាំ​ដែល​ត្រូវ​ពិន័យ​កាត​មាន៖
*កាត​លឿង៖
-ណាហ្គាវើល (៧សន្លឹក) សុះ ស៊ូហាណា 24′ , Soares Da Costa Osvaldo 32′, គួច ដានី 35′, Cristian Roque 53′ , រ៉ៃ វិកទ័រ 57′ , ភេម តៅសិញ 73′ , ឆៃ រ័ត្នសេរី 90+5។
-បឹងកេត (៣សន្លឹក) Taher Jahanbakhsh 33′, ឱ ភារុណ 76′ , តាំង ប៊ុនឆៃ 90+6′
*កាត​ក្រហម៖
-ណាហ្គាវើល (៥សន្លឹក) នេន សុធារ័ត្ន, Súper, Cristian Roque, ផាត សុខា, រ៉ៃ វិកទ័រ នាទី​90+6′ ដូចគ្នា
-បឹងកេត (៤សន្លឹក) កយ សាលឹម, Taher Jahanbakhsh, ហៅ សុជាតិ, លី រ៉ាវី នាទី 90+6′ ដូចគ្នា

លោកស្រី ពុធ ធីតា និង Honda

ក្រោយ​ចប់​ការ​ប្រកួត​១ថ្ងៃ​លោកស្រី ពុធ ធីតា គឺ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី២៦ ខែ​មិថុនា ឆ្នាំ​២០២២ បាន​បញ្ជាក់​លើ​ហ្វេសប៊ុក​លោក​ស្រី​ថា៖«ឆ្លង​ការ​ប្រកួ​ត​ពី​ម្សិលមិញ​រវាង​ក្រុមណាហ្គាវើល នឹង ក្រុម​បឹងកេត ការ​ឈ្នះ​ចាញ់​វា​ជា​ការ​ធម្មតា​នៅ​ក្នុង​វិស័យ​កីឡា ក៏​ប៉ុន្តែ​រឿង​ដែល​មិន​គួរ​កើត​គឺ​ការ​វិវាទ​ទាស់​ពាក្យ​សំដីគ្នាក្នុងកំឡុងការប្រកួតរហូតឈានដល់ការ​ឌឺដង ការ​វិវាទ​ប្រតាយប្រតប់​គ្នា​ក្រោយ​ការ​ប្រកួត​ចប់ របស់​ក្រុម​ការងារ នឹង​កីឡាករ រវាងក្រុមទាំងពីរ»។

ប្រធាន​ក្លិប​ជា​ស្រ្តី​ម្នាក់​ក្នុង​ចំណោម​២នាក់​ដែល​កំពុង​ឈរ​ជើង​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា បន្ត​ថា៖«ត្រូវ​ចាំថាវិស័យបាល់ទាត់យើងទំរាំបានដល់ថ្ងៃនេះ​ មាន​អ្នក​ចូលរួម​ច្រើន​ណាស់​ដោយ​ចំណាយ​ទាំង​កំលាំង​កាយចិត្ត ថវិកា​ពេលវេលា​មក​គាំទ្រ..​ហើយ​យើង​ក៏​ជា​គំរូដល់យុវជន​ជំនាន់​ក្រោយ​ដ៏​សំខាន់​មួយ មិន​តែ​ប៉ុណ្ណោះ​អ្នក​ទាំង​អស់​គ្នាជា​មិត្តរួមអាជីព មិត្ត​ធ្លាប់​រួម​ក្រុម​ការងារ​ក្នុង​វិស័យ​កីឡា​មួយ​នេះ ពិតជា​មិន​គួរកើត​ឡើង​ទាល់​តែសោះ​អ្នកទាំង​អស់គ្នា​ពិចារណា​ទៅ​មើល​តើ​គួរ​យើង​មាន​អារម្មណ៍​ខ្មាស់​ខ្លួន​ឯង​ទេ បំបាក់​ទឹក​ចិត្តអ្នកគាំទ្រទេ?តើចង់​អោយ​វិស័យនេះ​ទៅ​មុខ​រឺ​ថយ​ក្រោយ​????​ដោយ​សារ​ទង្វើរបស់អ្នកទាំងអស់គ្នា ​អ្នកណាទៅ​ហ៊ាននាំកូន បង ប្អូន​មក​មើល​ទៀត ????​ បើ​គ្មាន​អ្នក​គាំទ្រ​តើ​វិស័យនេះអាចទៅមុខទេ ? អ្នកទាំងអស់គ្នាត្រូវចាំនូវការ​ប្រកួត​ដ៏​អាម៉ាស់​មួយ​នេះ ​នឹង​កែប្រែ​នូវ​កំហុសរបស់ខ្លួនទោះបីចេតនាក្តី អចេតនាក្តី ! អ្នកទាំងអស់គ្នាត្រូវចាំថា បាល់ឡូន ដែល​អាច​ហោះខ្ពស់បានគឺផ្ទុកនូវខ្យល់កំដៅនៅខាងក្នុង ផ្ទុក​បាន​កាន់​ច្រើន​ប៉ុណា្ណ​នឹង​កាន់​តែ​ហោះ​បាន​ខ្ពស់​ប៉ុណ្ណោះ ធ្វើជា​អ្នកឈ្នះ​អោយ​នៅ​ក្នុង​ចិត្ត​អ្នក​ចាញ់ ធ្វើជា​អ្នក​ចាញ់​ដោយ​ទឹក​ចិត្ត​អ្នក​កីឡា​»។

សូម​បញ្ជាក់​ថា​កីឡាករ ស៊ុះ ស៊ូហាណា ជា​ម្ចាស់​គ្រាប់​បាល់​ជ័យជម្នះ​​ឱ្យ​ណាហ្គាវើល នៅ​នាទី​​៦២៕

សុះ ស៊ូហាណា ម្ចាស់គ្រាប់បាល់

រូបថត៖ CPL និង Puth Thyda

Share.