ភាពយន្ត «តាមដងទន្លេមេគង្គជាមួយសាយ» គឺជាការធ្វើដំណើរតាមទូករបស់តារាចម្រៀង Original Song សាយ តាមដងទន្លេ ដោយចេញពីខេត្តរតនៈគិរី ឆ្លងកាត់ខេត្តស្ទឹងត្រែង និងមកឈប់នៅខេត្តក្រចេះ។

កម្រងខ្សែភាពយន្តនេះបង្ហាញអំពីសម្រស់នៃទន្លេមេគង្គ និងប្រជាជនជនជាតិដើមប្លែកៗ វប្បធម៌ ប្រពៃណី និងជីវភាពរស់នៅរបស់អ្នកស្រុក ដែលពឹងអាស្រ័យលើធនធានពីទន្លេ។

ដោយឡែកលោក សាយ គឺទូតសុឆ្ទនៈនៃយុទ្ធនាការ «តាមដងទន្លេងមេគង្គជាមួយ សាយ» ដែលរៀបចំឡើងដោយអង្គការ Oxfarm និង ដៃគូជំនួយមួយចំនួនទៀត ដើម្បីលើកកម្ពស់ពីការយល់ដឹងពីសារសំខាន់របស់ទន្លេមេគង្គ មាន គោលបំណងលើកកម្ពស់តំបន់អេកូទេសចរណ៍ធម្មជាតិ ជីវភាពរស់នៅរបស់សហគមន៍ ដែលងាយរង គ្រោះដោយសារផលប៉ះពាល់ដោយការផ្លាស់ប្ដូររំហូរទឹក និងការគំរាមកំហែងកើនឡើង ដល់សន្តិសុខ ស្បៀង នៅតាមដងទន្លេមេគង្គ ។

ខេត្តនៅជាប់ដងទន្លេមេគង្គ មានតំបន់ទេសចរណ៍ជាច្រើនកន្លែង ដូចជាខេត្តស្ទឹងត្រែង មានតំបន់ ទេសចរណ៍អន្លង់ផ្សោតឈើទាល តំបន់ព្រៃលិចទឹករ៉ាមសារ តំបន់ឧទ្យានជាតិវីរៈជ័យ តំបន់ទេចរណ៍បូរី អូរស្វាយ តំបន់ទេចរណ៍អូរឫស្សីកណ្តាល និងតំបន់ទេសចរណ៍រមណីយដ្ឋានចម្ការក្រូច ជ្រោះសុភមិត្ត ជាដើម។ ចំណែកនៅក្រចេះ មានវត្តសរសេរ១០០ ព្រែកកាំពី និងអន្លង់ផ្សោត និងកន្លែងជាច្រើនទៀត។

យ៉ាងណាមិញ ភាពយន្ត «តាមដងទន្លេមេគង្គជាមួយសាយ» ក៏មានបង្ហាញខ្លួនក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១១ ផងដែរ។ ដើម្បីកុំឱ្យខកខានការទស្សនាភាពយន្តមួយនេះ កុំភ្លេចចូលរួមទាំងអស់គ្នាចាប់ពីថ្ងៃទី ២៨ ខែមិថុនា នេះតទៅ និងស្វែងរកកាលវិភាគបញ្ចាំងភាពយន្តនៅលើហ្វេសប៊ុក Cambodia International Film Festival

Share.