ភ្នំពេញ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់ ជិះម៉ូតូឌ្រីមសង់ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1JK-3127 ធ្វើដំណើរតាមបណ្ដោយផ្លូវ 60 ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង។លុះមកដល់ចំណុចកើតហេតុ ក៏មានរថយន្ត១គ្រឿងមិនចាំម៉ាក ពាក់ស្លាកលេខភ្នំពេញ 2AE-8533 ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា មកបុកពេញទំហឹង បណ្ដាលឱ្យម៉ូតូប៉ើងខ្ទាតធ្លាក់ក្នុងទឹក។រីឯអ្នកបើកបរបានរងរបួសធ្ងន់ ត្រូវបានរថយន្ត      សង្គ្រោះ ដឹកយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។ តែជាអកុសលដោយស្ថានភាពរបួសធ្ងន់ ក្រុមគ្រូពេទ្យមិនអាចជួយសង្គ្រោះ បានក៏បានបាត់បង់អាយុជីវិត។

ចំណែកឯរថយន្ដបង្កក្រោយពីបើកបុកអោយមានអ្នកបាត់បង់ជីវិតហើយ ក៏បើករថយន្ដគេចខ្លួនចេញពីទីតាំងកន្លែងកើតហេតុបាត់ស្រមោល បន្សល់ទុកតែស្លាកលេខនៅកន្លែងកើតហេតុ។

សពជនរងគ្រោះមានឈ្មោះ ប៊ុន សត្យារិទ្ធ ភេទប្រុស អាយុ 33 ឆ្នាំ ធ្វើការនៅក្រុមហ៊ុនឯកជនមួយកន្លែង បច្ចុប្បន្នស្នាក់នៅម្ដុំ ចាក់អង្រែលើ ខណ្ឌមានជ័យ។

ករណីដ៏រន្ធត់នេះកើតឡើងកាលពីវេលាម៉ោង 11:30 យប់ថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2022 នៅតាមបណ្ដោយផ្លូវ 60 ម៉ែត្រក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញនគរបាល ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង រួចលើកម៉ូតូយកទៅរក្សាទុក ដើម្បីរង់ចាំធ្វើការស្វែងរករថយន្តបង្កមកដោះស្រាយនៅពេលក្រោយ។ឯសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖លី សុភ័ស្ត

Share.