សួនច្បារនៃបរិវេណ ព្រះរាជដំណាក់ខេត្តសៀមរាបបានសាងសង់សឹងតែរួចរាល់ជិត១០០%ទៅហើយ ថែមទាំងបើកទទួលភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិតាំងពីដើមឆ្នាំ ២០២២មកម្ល៉េះ។

យ៉ាងណាមិញតាមប្រភពដែលសារព័ត៌មានត្រយងបានទទួលឱ្យដឹងថា ​គម្រោងរូបសំណាកមេទ័ពធំៗសម័យអង្គរទាំង ៧ ស្ថិតក្នុងគម្រោងសាងសង់ដាក់នៅបរិវេណសួនច្បារ ព្រះរាជដំណាក់ខេត្តសៀមរាប ​ក៏កំពុងលេចចេញជារូបរាងបណ្ដើរៗហើយ។

ផ្អែគតាមការបង្ហោះនៅហ្វេសប៊ុក Chanchhaya Phnom Penh Palace បានបង្ហាញរូបភាពជាច្រើនសន្លឹកពីរូបភាពមេទ័ពសម័យអង្គរ ក្នុងកាយវិការ ឈរយ៉ាងប្រុងប្រយ័ត្ន និងអង់អាចក្លាហាន ដែលត្រៀមដាក់នៅមុខសួនច្បារព្រះរាជដំណាក់ ហើយរូបនោះគឺធ្វើដោយស្នាដៃកូនខ្មែរ​យ៉ាងល្អឥតខ្ចោះ។

ផ្អែកលើរូបភាពដែលទម្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក គេមើលឃើញថា រូបសំណាកមេទ័ពសម័យអង្គរដែលនឹងត្រូវសាងសង់គឺមានចំនួន ៧រូប ដែលកម្ពស់ ២ម៉ែត្រ ដោយមិនគិតខឿន និងបានដកស្រង់ចេញពីចម្លាក់នៅ ប្រាសាទនានា ជាពិសេសគឺប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត។ មេរូបសំណាកមេទ័ពសម័យអង្គរចំនួន ៧រូប ប្រដាប់ដោយសំលៀកបំពាក់ គ្រឿងការពារខ្លួន និងអាវុធក្នុងដៃខុសៗគ្នា មានដូចជា កាំបិត ដាវ លំពែង ធ្នូ ផ្គាក់ និងខែលការពារជាដើម៕

Share.