កាល​ពី​ថ្ងៃ​​ទី​២៥ខែ​ឧសភា​ ឆ្នាំ​២០២១​ពលរដ្ឋ​ជា​អ្នក​រើស​អេតចាយ​និង​ជា​កម្មករ​រោងចក្រ​​ចំនួន​ ៤៥​ គ្រួសារ​ បាន​ទទួល​ជំនួយ​ឧបត្ថម្ភ​ពី​អ្នក​នាង​ សូដា នីតា​និង​បងប្អូន​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​​​ ដើម្បី​ដោះស្រាយ​ជីវភាព​ដែល​កំពុង​តែ​មាន​ការ​ខ្វះខាត​ខ្លាំង​។​

​ថ្លែង​មក​កាន់​សារព័ត៌មាន​ត្រយង​ញូវស៍​ ​​តាម​សារ​អេឡិចត្រូនិក ​អ្នក​នាង​ សូដា នីតា​បាន​ឱ្យ​ដឹង​ថា​ ក្រោយ​ពី​ទទួល​បាន​ដំណឹង​ពី​បងស្រី​មួយ​រូប​ដែល​ជា​អ្នក​ផ្ដល់​ទីតាំង​ស្នាក់​នៅ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​ទាំង​៤៥​គ្រួសារ​រស់​ថា ​បងប្អូន​នៅ​ទីនោះ​កំពុង​ជួប​ផល​លំបាក​ខ្វះខាត​ស្បៀង​អាហារ​​ ​​អ្នក​នាង​បាន​កៀរគរ​ប្រមូល​ថវិកា​ពី​បងប្អូន​និង​អ្នក​ស្គាល់​គ្នា​ដែល​រស់នៅ​សហរដ្ឋ​អាមេរិក​បាន​មួយ​ចំនួន​ យក​មក​​ដើម្បី​ទិញ​ជា​គ្រឿង​ឧបភោគ​បរិភោគ​ជួយ​ដល់​ពលរដ្ឋ​ដែល​​​ភាគ​ច្រើន​ មាន​ការងារ​ជា​ ​អ្នក​រើស​អេតចាយ កម្មករ​-កម្មការិនី​រោងចក្រ​ និង​ កម្មការ​សំណង់​ ហើយ​បាន​បាត់បង់​ចំណូល​ដោយ​សារ​តែ​បញ្ហា​ការ​​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩​។
គួរ​បញ្ជាក់​ថា​អំណោយ​របស់​អ្នក​នាង​រួម​មាន​អង្ករ​ចំនួន​ ៥​គីឡូ​ ​សាច់ក្រក​១​គីឡូ​ ​​ឆៃប៉ូវ​១​គីឡូ​ ត្រីខ​មួយ​យួរ​ ទឹកស៊ីអ៊ីវ​និង​ទឹក​ត្រី​ផង​ដែរ​។

រូបភាពពីហ្វេសប៊ុក So Danita

អ្នក​នាង​សូដា នីតា​ បច្ចុប្បន្ន​គឺ​ជា​អ្នក​ម្ដាយ​កំពុង​តែ​មាន​កូន​តូច​ផង​នោះ​ ​បាន​ចុះ​ទៅ​ដល់​ទីតាំង​ចែក​ជំនួយ​ដោយ​ផ្ទាល់​ ​ដើម្បី​សាកសួរ​សុខ​ទុក្ខ​ ​លើក​ទឹក​ចិត្ត​ និង​ ​ផ្ដល់​កម្លាំង​ចិត្ត​ចំពោះ​បងប្អូន​​ប្រជាពលរដ្ឋ​​កំពុង​ជួប​ការ​លំបាក​ទាំង​អស់​។ នៅ​ពេល​​ត្រូវ​សាកសួរ​ថា​តើ​អ្នក​នាង​មិន​ខ្លាច​ទេ​ឬ​ ព្រោះ​ជំងឺ​កូវីដ​-១៩ ​ជា​ជំងឺ​ឆ្លង?

អ្នក​នាង​បាន​ឆ្លើយ​តប​មក​កាន់​អ្នក​សារព័ត៌មាន​យើង​វិញ​ថា​៖
«​កូវីដ​គឺ​ជា​ជំងឺ​សហាវ​​គឺ​ជា​ជំងឺ​លាក់​មុខ​ ដែល​យើង​មើល​មិន​ដឹង ពេល​មាន​ផ្ទុះ​កូវីដ​ខ្លាំង​គាត់​ ក៏​មិន​បាន​ចេញ​ទៅ​ណា​ដែរ​ ​គឺ​គាត់​នៅ​ផ្ដុំ​គ្នា​តែ​ក្នុង​ទីតាំង​រស់​នៅ​៤៥​គ្រួសារ​ប៉ុណ្ណោះ​ ​ព្រោះ​ភាគ​ច្រើន​គាត់​ជា​អ្នក​រើស​អេត​ចាយ​ បើសិន​ជា​គាត់​កំពុង​តែ​អត់​ឃ្លាន​​ ​មួយ​វិញ​ទៀត​បើ​យើង​គិត​តែ​ពី​​ការ​ពារ​ហើយ​​អត់​ចេញ​ទៅ​ជួយ​ពួក​គាត់​ ពួក​គាត់​អាច​នឹង​ស្លាប់​ ​ទោះ​ជា​គាត់​មិន​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ​ ក៏​គាត់ស្លាប់​ដោយ​សារ​ជំងឺ​អត់​ឃ្លាន​ដែរ​​»

រូបភាពពីហ្វេសប៊ុក So Danita

ជា​រួម​​តារា​ចម្រៀង​ តារា​សម្ដែង​មាន​ឈ្មោះ​បោះ​សំឡេង​មួយ​រូប​ក្នុង​រង្វង់​សិល្បៈ​រូប​នេះ​តែងតែ​បាន​ជួយ​ជា​ជំនួយ​ដល់​បងប្អូន​អ្នក​ខ្វះ​ខាត​ជា​ច្រើន ​មិន​មែន​ទើប​តែ​ជួយ​ឧបត្ថម្ភ​លើក​នេះ​នោះ​ទេ​ ​ប៉ុន្តែ​ភាគ​ច្រើន​ អ្នក​នាង​មិន​សូវ​ចង់​បង្ហាញ​ប៉ុន្មាន​នោះ​ទេ​ ព្រោះ​អ្នកនាង​ចូល​ចិត្ត​ធ្វើ​អ្វី​មួយ​បែប​ស្ងប់ស្ងាត់​។

​​​​​​អ្នក​នាង​ សូដា នីតា ​គឺ​ជាតារា​មួយ​រូប​ពោរពេញ​ដោយ​សមត្ថភាព​និង​ទេពកោសល្យ​ តួ​យ៉ាង​ដូច​ជា​តួ​អង្គ​ ម៉ាឡា​ ដែល​អ្នក​នាង​បាន​សម្ដែង​នៅ​ភាពយន្ត​ភាគ​ល្បី​រឿង «​រាជិនី​ភូមិ​គ្រឹះ​» របស់​ទូរទស្សន៍​ហង្សមាស​ទទួល​បាន​កោតសរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា​និង​មហាជន​៕

Telegram-Troryorng
Share.