សិស្សចំនួន៧នាក់ ក្រោយពេលចេញពីរៀន ក៏បានណាត់ជួបគ្នាទៅជិះទូកដើម្បីបេះផ្លែឈូក និងចុះងូតទឹកលេង។ លុះពេលឡើងទៅលើទូកវិញ លិចទូក បណ្ដាលឱ្យសិស្សចំនួន៤នាក់លង់ស្លាប់។

ហេតុការណ៍នេះបានកើតឡើងនៅចុងសប្តាហ៍កន្លងទៅ ស្ថិតនៅចំណុចបឹងទឹកល្អក់ ខាងត្បូង ភូមិជាយសំពៅ ស្ថិតក្នុងឃុំសំបូរ (ចម្ងាយប្រហែលជា៥០០ម៉ែត្រ) ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

តាមប្រភពបានឲ្យដឹងថា នាចុងសប្តាហ៍ សិស្សរៀននៅសាលាអាត់ស៊ូ បានចេញពីសាលាទៅផ្ទះរៀងៗខ្លួន។ លុះដល់ពេលល្ងាចម៉ោង៤កន្លះ ក៏មានសិស្សថ្នាក់ទី៧ ចំនួន៧នាក់បានណាត់គ្នាមកជិះទូកទៅ បេះផ្លែឈូក នៅចំណុចកើតហេតុខាងលើ។ ពេលទៅដល់ពួកគេនាំគ្នាចុះមុជទឹកលេងក្នុងបឹង លុះដល់ពេលពួកគេនាំគ្នា ឡើងមកលើទូកវិញនោះ ក៏បណ្តាលឲ្យលិចទូកស្លាប់អស់ចំនួន៤នាក់តែម្តង។

សមត្ថកិច្ចបានអោយដឹងថា   សិស្សទាំង៧នាក់ដែលបាននាំគ្នាជិះទូកទៅបេះផ្លែឈូក បណ្តាលឱ្យ ស្លា.ប់ ចំនួន៤នាក់ខាងលើនោះ រួមមាន ៖ ទី១- ឈ្មោះ កេន ស្រីល័ក្ខ ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិ ជាយសំពៅ ឃុំសំបូរ ទី២- ឈ្មោះ រ៉ា ឌីខេត ភេទប្រុស អាយុ១៣ឆ្នាំ រស់នៅភូមិជាយសំពៅ ឃុំសំបូរ ទី៣- ឈ្មោះ គាន់ ស្រីខួច អាយុ១២ឆ្នាំ នៅភូមិអាត់ស៊ូ ឃុំសំបូរ ទី៤- ឈ្មោះ ភាន់ សុខជឿន ភេទស្រី អាយុ ១៣ឆ្នាំ (ស្លា.ប់) រស់នៅភូមិជាយសំពៅ ឃុំសំបូរ ទី៥- ឈ្មោះ ចិត្រ រស្មី ភេទស្រី អាយុ១២ឆ្នាំ (ស្លា.ប់) នៅភូមិអាត់ស៊ូ ឃុំសំបូរ ទី៦- ឈ្មោះ រុន រដ្ឋា ភេទប្រុស អាយុ១២ឆ្នាំ (ស្លា.ប់) នៅភូមិអាត់ស៊ូ ឃុំសំបូរ និងទី៧- ឈ្មោះ ភឿន ចាន់ណា ភេទស្រី អាយុ១៣ឆ្នាំ (ស្លា.ប់) រស់នៅភូមិអាត់ស៊ូ ឃុំសំបូរ ស្រុកប្រាសាទសំបូរ.កំពង់ធំ។

ក្រោយពេលកើតហេតុ បន្ទាប់ពីសមត្ថកិច្ចបានធ្វើកោសល្យវិច័យរួច សាកសពរងគ្រោះទាំង៤នាក់ ត្រូវបានប្រគល់ជូនអាណាព្យាបាល ដើម្បីនាំយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ភ្នាក់ងារខេត្តកំពង់ធំ

Share.