នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ គណបក្សប្រជាជនកម្ពុជា បានប្រារព្ធមិទ្ទិញអបអរសាទរខួប៧១ឆ្នាំ របស់ខ្លួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

ក្រោមអធិបតីភាពសម្ដេចប្រធាន និងប្រធានកិត្តិយសគណបក្ស មិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) នាឱកាសនេះ មានការអញ្ជើញចូលរួមពីសម្ដេច ឯកឧត្តម លោកជំទាវ ជាសមាជិកគណៈអចិន្ត្រៃយ៍ស សមាជិកគណៈកម្មាធិការកណ្ដាល ព្រមទាំងភ្ញៀវកិត្តិយសជាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតនៃប្រទេសនានាប្រចាំនៅកម្ពុជាជាច្រើនរូបទៀត។

អញ្ជើញថ្លែងសន្ទរកថានាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថាចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ ឧបសគ្គនៅគ្រប់ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្ត្រយ៉ាងធំធេងដែលមានអត្ថន័យជ្រាលជ្រៅបំផុតចំពោះការឋិតថេរគង់វង្ស និងចម្រើនរុងរឿងនៃមាតុភូមិកម្ពុជា។

សម្តេចបានរម្លឹកថាក្នុងរយៈពេល៧១ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្ត្រយ៉ាងច្រើន ទាំងដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្ដីក៏ គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បី កសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង វឌ្ឍនភាពសង្គម។

សូមបញ្ជាក់ថាណបក្សប្រជាជនកម្ពុជា មានឈ្មោះដើមថាបក្សប្រជាជនបដិវត្តន៍ខ្មែរ ហើយត្រូវបានប្តូរមកជាគណបក្សប្រជាជនបដិវត្តន៍កម្ពុជា គណបក្សពលករកម្ពុជា គណបក្សកុម្មុយនីស្តកម្ពុជា និងគណបក្សប្រជាជនកម្ពុជាដែលជាឈ្មោះចុងក្រោយ និងត្រូវបានប្រើរហូតមកដល់សព្វថ្ងៃ។

មិទ្ទិញអបអរសាទរខួប៧១ឆ្នាំ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាដែលប្រារព្ធឡើងនាថ្ងៃនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសប្រកបដោយមហាឱឡារិកបន្ទាប់ពីខកខានប្រារព្ធអស់រយៈពេល២ឆ្នាំជាប់គ្នា គឺនៅឆ្នាំ២០២០ និងនៅឆ្នាំ២០២១ ដោយសារការរីករាលរាលនៃជំងឺកូវីដ-១៩។

ដូចការប្រព្រឹត្តិទៅនៃសកម្មភាពសេដ្ឋកិច្ច និងសង្គមទូទៅដែរ លទ្ធភាពនៃការរៀបចំមិទ្ទិញនាថ្ងៃនេះក៏ជាមនុញ្ញផលកើតចេញពីប្រសិទ្ធភាពនៃការបង្ការទប់ស្កាត់ការឆ្លងរីករាលជំងឺឆ្លងនេះរបស់រាជរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដែលកើតចេញពីការបោះឆ្នោតគាំទ្ររបស់ប្រជាពលរដ្ឋ៕

Share.