បាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លា.ប់ និង៦នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តដឹកជញ្ជូនអ្នកដំណើរបើកបុកគ្នាជាមួយរថយន្តកូរ៉េទ្រុងដឹកផ្លែឈើ កាលពីវេលាម៉ោង ១១ និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ២៥៤-២៥៥ ក្រុមទី៦ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

សមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ភាគីរថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ទ្រុងដឹកផ្លែឈើ ពាក់ស្លាកលេខ បាត់ដំបង3A-2079 បើកពីកើតទៅលិច (ភ្នំពេញ-បាត់ដំបង) ។លុះដល់ចំណុចកើតហេតុ វ៉ាជែងមិនប្រយ័ត្ន ជ្រុលទៅបុកចំពីមុខរថយន្តដឹកអ្នកដំណើរ ម៉ាកKIA ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3D-3838 អ្នកបើកបរឈ្មោះ យ៉ន  ចំរើន ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ដែលបើកពីលិចទៅកើត (បាត់ដំបង-ភ្នំពេញ) បណ្តាលឲ្យរថយន្តដឹកអ្នកដំណើរខូចខាតខ្ទេច ស្លាប់ក្មេងប្រុសម្នាក់ រងរបួសធ្ងន់៣នាក់ ស្រី១នាក់ រងរបួសស្រាល៣នាក់។រីឯរថយន្តទ្រុងក្រឡាប់ផ្ងារជើង អ្នកបើកបររបួសស្រាល បានគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុក។ ចំណែកសពក្មេងប្រុស សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែករថយន្តទាំង២គ្រឿង រងខូចខាតធ្ងន់ត្រូវបានសមត្ថកិច្ចអូសយកទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ស្នងការខេត្តបាត់ដំបង កសាងសំណុំរឿងតាមនីតិវិធី ៕

អត្ថបទ៖តាតុង សែនជ័យ

Share.