ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះរោង រទេះ អីវ៉ាន់ ខ្ទេចគ្មានសល់ ខណៈដែលឪពុកកំពុង អង្គុយប៉ះកង់ គាប់ជួនកូនតូចវៀសដៃដួលខ្ចាយដបសាំង បង្កជាភ្លើងឆេះខ្ទេច ផ្អើល បងប្អូនប្រជាពលរដ្ឋក្បែរខាង ប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ ទុយោទឹក បាញ់ពន្លត់ ការពារឆេះដល់ខ្សែភ្លើង។

ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវ៥៩៨ ភូមិទួលពពែ សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា គ្រួសាររងគ្រោះ ជាគ្រួសារក្រក្សត់ មកពីខេត្តកំពង់ចាម សុំស្នាក់អាស្រ័យនៅក្នុងរោង ដាក់រុឺម៉ក ប្រកបរបរប៉ះកង់ គ្រាន់ចិញ្ចឹមជីវិត និងស្នាក់ អាស្រ័យនៅទីនោះតែម្តង។មុនកើតហេតុ ខណៈដែលកំពុងប៉ះកង់ម៉ូតូឲ្យគេ ស្រាប់តែ កូនតូច អាយុជាង១ខួប លេងវៀសដៃប៉ះដបសាំង ដួលខ្ចាយ ទៅប៉ះនឹងប្រដាប់អ៊ុត ពោះវៀនកង់ បណ្តាលឲ្យភ្លើងឆាបឆេះ រាលដល់រោង រុឺម៉ក អីវ៉ាន់ក្នុងរោង ឆេះខ្ទេច គ្មានសល់ តែមិនប៉ះដល់ ម៉ូតូរបស់គេឡើយ ។

ហេតុការណ៍កើតឡើងភ្លាមៗ ត្រូវបានបងប្អូនប្រជាពលរដ្ឋ ជួយយកបំពង់ពន្លត់អគ្គិភ័យ និងទុយោទឹក បាញ់ពន្លត់ ការពារភ្លើងឆេះដល់ខ្សែភ្លើងដែលនៅជាប់នោះ ៕

Share.