ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា នឹង​ដឹកនាំគណៈប្រតិភូ​អញ្ជើញទៅបំពេញទស្សនកិច្ចការងារលើកទីពីរ នៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ។ នេះបើតាមសេចក្ដីប្រកាសចេញផ្សាយដោយក្រសួងការបរទេសកម្ពុជានាថ្ងៃអង្គារនេះ។

បើតាមក្រសួងការបរទេស ដំណើរទស្សនកិច្ចលើកទីពីររបស់ប្រមុខការទូតខ្មែរក្នុងឋានៈប្រេសិតពិសេសទៅកាន់មីយ៉ាន់ម៉ានេះ មាន​គោល​បំណងតាមដានវឌ្ឍនភាពនៃការអនុវត្តការព្រម​ព្រៀង​ជាឯកច្ឆន្ទ៥ចំណុច និងលទ្ធផលនៃ​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​ស្តីពីជំនួយមនុស្សធម៌របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

ក្រសួងក៏បានបរិយាយដែរថាទស្សនកិច្ចនេះក៏ដើម្បីរួមចំណែកដល់ការបង្កើតបរិយាកាសអំណោយ​ផលសម្រាប់ដំណើរ​ការសន្ទនា​នយោបាយ​ប្រកបដោយបរិយាប័ន្ន តាមរយៈការជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ។

សូមបញ្ជាក់ថាថ្មីៗនេះ ឯកឧត្តម ប្រាក់ សុខុន ទើបតែបបានជម្រាបជូនក្រុមប្រឹក្សារដ្ឋបាលរដ្ឋ (SAC) នៃសហភាពមីយ៉ាន់ម៉ា នូវ «ក្តីកង្វល់យ៉ាងខ្លាំងរបស់សហសេវិកអាស៊ាន» ចំពោះរបាយការណ៍ស្ដីពីការផ្ទេរលោកស្រី អោងសាន ស៊ូជី ពីលំនៅដ្ឋានទៅកាន់ពន្ធនាគារនៅក្នុងទីក្រុងណៃពិដោ និងបានទទូចឱ្យក្រុមប្រឹក្សារដ្ឋបាលរដ្ឋ សម្របសម្រួលដល់ការបញ្ជូនលោកស្រីត្រឡប់ទៅលំនៅដ្ឋានដែលជាទីតាំងលោកស្រីត្រូវបានឃុំខ្លួនពីដំបូង។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងថា«ខ្ញុំមិនមានមន្ទិលសង្ស័យទេថាក្តីបារម្ភដូចគ្នានេះកើតឡើងហួសពីក្នុងរង្វង់អាស៊ាន ដោយហេតុថាលោកស្រី អោងសាន ស៊ូជី ត្រូវបានចាត់ទុកក្នុងរង្វង់អន្តរជាតិ និងដោយប្រជាជនជាច្រើននៅមីយ៉ាន់ម៉ាថាមានតួនាទីដ៏សំខាន់ក្នុងការវិលត្រឡប់ទៅរកប្រក្រតីភាព និងការផ្សះផ្សាជាតិឡើងវិញនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាមរយៈដំណោះស្រាយនយោបាយដោយសន្តិវិធីមួយ»។

«ខ្ញុំសូមលើកឡើងពីការទទូចរបស់សហសេវិកអាស៊ាន សូមអោយក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃមីយ៉ាន់ម៉ា ប្រកាន់យកក្តីអនុគ្រោះ និងសម្រួលដល់ការវិលត្រឡប់របស់លោកស្រី អោងសាន ស៊ូជី ទៅកាន់លំនៅដ្ឋានដែលលោកស្រីត្រូវបានឃុំខ្លួនពីដំបូង ដោយហេតុផលសុខភាព និងសុខមាលភាព ទ្រុឌទ្រោមរបស់លោកស្រី ក៏ដូចជាការអនុវត្តនីតិរដ្ឋប្រកបដោយយុត្តិធម៌ និងសុភវិនិច្ឆ័យ»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប្រាក់ សុខុន៕

Share.