គ្រូបង្គោលណិចស្តិប លោក Darren Sam Pomroy បង្ហាញជំនឿថាបានទៅលេងជុំបន្ទាប់ទោះចាញ់ក្លិបបាល់ទាត់សៀមរាប ៣-២ កាលពីជើងទី១ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ វគ្គជម្រុះថ្នាក់ជាតិ។

លោក Darren Sam Pomroy លើកឡើងដូច្នេះថា៖«យើងសប្បាយរីករាយចំពោះការលេងរបស់ក្រុម ហើយ ខ្ញុំនៅតែរំពឹងថា ណិចស្តិបអែហ្វស៊ី នឹងអាចឡើងទៅជុំបន្ទាប់ពេលឈ្នះការប្រកួតនៅជើងទី២ ទោះចាញ់សៀមរាបអែហ្វស៊ី ៣-២ ក្នុងការប្រកួតជើងទី១ ក្នុងពានសម្ដេច ហ៊ុន សែន ថ្នាក់ជាតិកាលថ្ងៃពុធកន្លងទៅនេះ»។

នេះជាការប្រាប់ឱ្យដឹងរបស់ គ្រូបង្គោលណិចស្តិបអែហ្វស៊ី លោក Darren Sam Pomroy ។ គ្រូបង្គោលរូបនេះបានរៀបរាប់បន្តទៀតថា ការទទួលកាតក្រហមតែងតែផ្លាស់ប្ដូរការប្រកួតនីមួយៗ។ ប៉ុន្តែយ៉ាងណាក្ដី លោកបានគូសបញ្ជាក់បែបនេះ ៖«ខ្ញុំគិតថា យើងបានដោះស្រាយនៅលើទីលានបានល្អ បន្ទាប់ពី គឺម កុសល ត្រូវបណ្ដេញចេញពីទីលាននៅនាទី៧ ហើយក្រុមរបស់ខ្ញុំក៏បានតស៊ូប្រយុទ្ធបានល្អផងដែរ»។

ក្នុងការប្រកួតនៅកីឡដ្ឋានស្វាយធំនាខេត្តសៀមរាបនោះ មិនត្រឹមតែកីឡាករណិចស្តិបអែហ្វស៊ីទេ ដែលទទួលកាតក្រហម ប៉ុន្តែ ឌៀម ម៉ង់ របស់សៀមរាបអែហ្វស៊ី ក៏ទទួលកាតក្រហមដូចគ្នា បន្ទាប់ពីការប៉ះទង្គិច និងប្រើកាយវិការហិង្សា។ ក្រុមទាំងពីរបានក្លាយជាក្រុមដំបូងនៅពានសម្ដេចហ៊ុនសែន លើកទី ១៦ ឆ្នាំ ២០២២ នេះ ដែលទទួលបានកាតក្រហមលឿនជាងគេរហូតពីរក្នុងការប្រកួតត្រឹម ៧ នាទីប៉ុណ្ណោះ។

គ្រូបង្វឹកដដែលខាងលើសង្កត់ធ្ងន់ថា៖«យើងនឹងផ្ដោតអារម្មណ៍លើផែនការធ្វើឱ្យ សៀមរាបអែហ្វស៊ីឈឺចាប់ លើសពីអ្វីដែលពួកគេធ្វើមកលើយើងនៅជើងទី១»។ ការប្រកួតជើងទី២ រវាង ណិចស្តិបអែហ្វស៊ី និង សៀមរាបអែហ្វស៊ី នឹងធ្វើឡើងនៅថ្ងៃទី ៧ ខែ កក្កដា ខាងមុខនៅកីឡដ្ឋាស្វាយធំខេត្តសៀមរាប ចាប់ពីម៉ោង ៣:៣០ រសៀលតទៅ។

គួរដឹងថា ការប្រកួតជម្រុះពានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ ២០២២ ថ្នាក់ជាតិនេះមានចំនួន ១៤ក្រុមដោយយកក្រុមមកពី Cambodian League 2 ចំនួន១០ក្រុម និងក្រុមមកពីពានសម្ដេចថ្នាក់ខេត្តចំនួន៤ក្រុម។

ក្រុមទាំង១៤ ត្រូវបានគណៈកម្មការរៀបចំការប្រកួតចាប់គូឱ្យប្រកួត Home/Away ហើយបើក្រុមចំនួន ៨ ដែលឈ្នះក្នុងគ្រាប់បាល់សរុបទាំងពីរជើង នោះឡើងទៅប្រកួតថ្នាក់ជាតិបន្តស្របពេលក្រុមលេខ១លីគទី២ អគ្គិសនីកម្ពុជា និង នគរបាលជាតិ មានកៅអីទៅប្រកួត ជាមួយក្រុម ៨ ផ្សេងទៀតនៅលីគកំពូលរួចជាស្រេចទៅហើយ៕

Share.