ខ្សែប្រយុទ្ធភ្នំពេញហ្គាឡាក់ស៊ី លី ម៉ាត់ណូ បានទាត់បញ្ចូលទីអាស៊ីអឺរ៉ុបយូណាយធីត ដោយបាល់ហ្វ្រីឃីកស្ទើរតែពាក់កណ្ដាលតារាងទៅហើយ ក្នុងនាទីទី០២នៃការប្រកួតពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជើងទី១ វគ្គជម្រុះថ្នាក់ជាតិ កាលថ្ងៃពុធ ទី២២ ខែមិថុនា។

អតីតកីឡាករវេស្ទើនភ្នំពញខាងលើសារភាពថា ចង់លើកឱ្យមិត្តរួមក្រុមតែតទេ តែដោយសារតែបានឃើញអ្នកចាំទីហាក់ឡើងមកខ្ពស់ ក៏ទាត់ទម្លាក់ក្រោយខ្នងតែម្ដង។ម្ចាស់អាវលេខ៧ភ្នំពេញហ្គាឡាក់ស៊ីបញ្ជាក់៖«តាមពិតទៅក្នុងចិត្តខ្ញុំចង់លើកឱ្យមិត្តរួមក្រុមតែតទេ តែឃើញអ្នកចាំទីឡើងមក ក៏ទាត់ទម្លាក់ទៅ។

ពេលហ្នឹងក៏សំណាងដែរ ព្រោះអីអ្នកចាំទីក៏ឡើងមកចាប់កន្លែងដែលមិត្តរួមក្រុមចាំតែត អ៊ីចឹងក៏សម្រេចចិត្តស៊ុតតែម្ដង។» ទាក់ទងទៅនឹងការប្រកួតតទល់ក្រុមអាស៊ីអឺរ៉ុបយូណាយធីត លី ម៉ាត់ណូ ទទួលស្គាល់ពិតជាលំបាកខ្លាំង ព្រោះជាក្រុមលក្ខណៈអាជីព មានការហ្វឹកហាត់ដិតដល់ ជាប់លាប់ជាង។

ចំណែកក្រុមរបស់គេសុទ្ធតែជាអ្នកស្ម័គ្រចិត្ត មិនមានប្រាក់កំរៃអ្វីទេ ហើយមិនបានហ្វឹកហាត់ខ្លាំង ឬពេញលេញដូចអាស៊ីអឺរ៉ុបដែរ។គួរបញ្ជាក់ថា ភ្នំពេញហ្គាឡាក់ស៊ីបានយកឈ្នះអាស៊ីអឺរ៉ុបយូណាយធីត ២ទល់នឹង១ ក្នុងជើងទី១។ ពួកគេនឹងប៉ះគ្នាសាជាថ្មីសម្រាប់ជើងទី២ នៅ AEU Sports Park ថ្ងៃទី០៧ ខែកក្កដា៕

Share.