កម្ពុជាកំពុងត្រៀមរៀបចំកិច្ចប្រជុំពេញអង្គលើកទី៦ គណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាល កម្ពុជា-ចិន។ តាមគម្រោង កិច្ចប្រជុំនេះនឹងដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។ កិច្ចប្រជុំលើកទី៦ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនាឆ្នាំនេះ ត្រូវនឹងខួបទី១០០ព្រះវស្សានៃព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

កាលពីពេលថ្មីៗនេះ ឯកឧត្តម វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមអគ្គលេខាធិការភាគីកម្ពុជា ជាមួយសមភាគីចិន ដឹកនាំដោយឯកឧត្តម អ៊ូ ជៀងហាវ ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេស ក្នុងនាមអគ្គលេខាធិការភាគីចិន នៃគណ:កម្មាធិការសម្របសម្រួលអន្តរ រដ្ឋាភិបាល កម្ពុជា-ចិន បានជួបប្រជុំពិភាក្សា ការងារតាមប្រព័ន្ធ វីដេអូ ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំពេញអង្គលើកទី៦។

ក្នុងជំនួ​បនោះ ​​ឯកឧត្តម វង្សី វិស្សុត ក៏បានគូសបញ្ជាក់អំពីការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់ការសម្របសម្រួលដឹកនាំការងារនានានៃកិច្ចប្រជុំពេញអង្គលើកទី៦នេះឱ្យបានជោគជ័យ ដើម្បីពង្រីកនិងពង្រឹងឱ្យកាន់តែស៊ីជម្រៅ នាំមកថែមទៀត ផលប្រយោជន៍ និងផ្លែផ្កាជូនប្រទេស និងប្រជាជនទាំងពីរ និងអបអរសាទរដល់ខួបទី ១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងឆ្នាំ២០២២នេះ និងខួបទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជាចិននៅឆ្នាំ២០២៣។

គណ:កម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន បង្កើតឡើងនៅឆ្នាំ២០១៤ ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង។ គណ:កម្មាធិការនេះប្រជុំរៀងរាល់ពីរឆ្នាំម្តង ដើម្បីបូកសរុបលទ្ធផលការងារកន្លងមក និងរៀបចំផែនការសហប្រតិបត្តិការសម្រាប់ឆ្នាំបន្តបន្ទាប់ទៀត។ ព្រះបរមរតនកោដ្ឋដែលប្រសូតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ជាព្រះរាជស្ថាបនិកនៃចំណងការទូតរវាងភ្នំពេញ និងប៉េកាំង។ ព្រះអង្គបានយាងចូលទិវង្គតកាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២៕

Share.