ភ្នំពេញ៖ បើតាមប្រភពព័ត៌មាន ពីជនរងគ្រោះបានអោយដឹងថា ខ្លួនជិះកង់អាគុយចេញពីផ្ទះម្ដុំគៀនស្វាយក្នុង មកធ្វើការនៅម្ដុំបឹងកក់ លុះជិះមកដល់ចំណុចស្តុបអូតែលស កង់ក៏អស់អាគុយ ខ្លួនក៏បានចុះបណ្ដើរ ដោយមានស្ពាយកាបូបមួយជាមួយផង ពេលនោះស្រាប់តែលេចមុខជនសង្ស័យ 6 នាក់ជិះម៉ូតូ 3គ្រឿង ធ្វើសកម្មភាពកាត់ខ្សែកាបូប ឆក់យកកាបូបទៅបាត់បានសម្រេច រួចជិះម៉ូតូគេចខ្លួនបាត់ស្រមោល។ សម្ភារៈដែលបាត់បង់ មានចិញ្ចៀនមាសទម្ងន់ 5 ជីមួយវង់ ទូរសព្ទដៃម៉ាកសាំសុងចំនួន 3 គ្រឿង លុយខ្មែរចំនួន ៣ម៉ឺនរៀល អត្តសញ្ញាណប័ណ្ណគុបពីមួយសន្លឹក និងសម្ភារៈមួយចំនួនទៀត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង 4 ទៀបភ្លឺឈានចូលថ្ងៃទី 29 ខែមិថុនា ឆ្នាំ 2022 តាមបណ្ដោយផ្លូវព្រះមុនីវង្ស ចំណុចស្តុបអូតែលស ក្នុងសង្កាត់ផ្សារថ្មី 2 ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុជនរងគ្រោះ រង់ចាំភ្លឺឡើងទើបទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្ដិ៍រដ្ឋបាលនគរបាលសង្កាត់ផ្សារថ្មី 2 ដើម្បីឲ្យសមត្ថកិច្ចស្វែងរក ជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។

Share.