ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានមេការសំណង់ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពដើរលួចកាត់ខ្សែភ្លើងនៅក្នុងការដ្ឋានសំណង់លន សុីធី ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៦ព្រលប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២។

ជនសង្ស័យចាប់ខ្លួនបានមានឈ្មោះម៉ៅ សុខជា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ក្បែរកន្លែងកើតហេតុ ស្នាក់នៅភូមិព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកដើមបណ្តឹងមានឈ្មោះលន់ ស៊ីត្រា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរវិស្វ័ករសំណង់នៅកន្លេងកើតហេតុ មានទីលំនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។​

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យមានស្ពាយកាបូប និងសម្ភារៈ ទៅធ្វើសកម្មភាពលួចកាត់យកខ្សែភ្លើង តាមសំណង់ផ្ទះល្វែង កម្មករទីនោះឃើញ ស្រែកហៅឲ្យឈប់ ដើម្បីសាកសួរ បែជាជនសង្ស័យព្យាយាមរត់គេចទៅវិញ ទើបឆោឡោនាំគ្នាដេញឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច ។

ជនសង្ស័យបានសារភាពថាខ្លួនពិតជាចូលទៅធ្វើសកម្មភាពលួចកាត់ខ្សែភ្លើង ពិតប្រាកដមែន រួចសមត្ថកិច្ចឃាត់ខ្លួន សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខណ្ឌបន្តតាមនីតិវិធី ៕

Share.