អាជ្ញាធរ​បាន​និយាយ​នា​ថ្ងៃ​ អង្គារ ទី ២៨ ខែ មិថុនា ថា មនុស្ស​យ៉ាង​ហោច​ណាស់ ១៩​នាក់ បាន​ស្លាប់​ក្នុង​ការ​បាក់​រលំ​អគារ​កម្ពស់​ ៤​ជាន់​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ពាណិជ្ជកម្ម​ Mumbai នៃ​ប្រទេស​ឥណ្ឌា​។​

យោង​តាម​មន្រ្តី​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​ថា សំណង់​ដែល​មាន​ទី​តាំង​នៅភាគ​កណ្ដាល​ទីក្រុង​បាន​ដួល​រលំ​នៅ​ពាក់​អធ្រាត​​ថ្ងៃ ច័ន្ទ ឈាន​ចូល​ថ្ងៃ អង្គារ​។ ​

មនុស្ស​ ១៤​នាក់ ត្រូវ​បាន​ជួយ​សង្រ្គោះ​នៅ​ល្ងាច​ថ្ងៃ អង្គារ ហើយ​ក្រុមជួយ​សង្រ្គោះ​បាន​យក​សាក​សព​ចំនួន ១៩​នាក់ ចេញ​ពី​គំនរ​បាក់​បែក​។

អ្នក​នាំ​ពាក្យ​កង​កម្លាំង​ឆើយ​តប​គ្រោះ​មហន្ដរាយ​ជាតិ​បាន​ប្រាប់​សារព័ត៌មាន AFP ថា «​ប្រតិបត្តិការស្វែង​រក និង ជួយ​សង្រ្គោះ​កំពុង​តែ​បន្ដ​» ប៉ុន្ដែ​ប្រតិបត្តិការ​នេះ​ជួប​ការ​លំបាក​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​។

អាជ្ញាធរ​ក្រុង​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មនុស្ស ៦​នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង ១៩​នាក់​ មាន​អាយុ​ចាប់​ពី​ចន្លោះ​ ១៨​ឆ្នាំ ដល់ ២១​ឆ្នាំ​។

ដោយ​សារ​តែ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​បណ្ដាល​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​រើ​បន្ទះ​បេតុង និង កម្ទេច​ថ្ម ដែល​បាក់​រលំ​ ដើម្បី​ស្វែង​រក​អ្នក​រស់​រាន​មាន​ជីវិត​។

ភ្លៀង​មូសុង​ធ្លាក់​ខ្លាំង​ចាប់​ពី​ខែ មិថុនា ដល់​ខែ​ កញ្ញា ដែល​បានធ្វើ​ឲ្យ​ករណី​បាក់​រលំ​អគារ​នេះ​មិន​មែន​ជា​រឿង​ចម្លែក​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​ឡើយ​។​

រដ្ឋ​មន្រ្តី​រដ្ឋ​ Maharashtra លោក Aaditya Thackeray បាន​អំពាវ​នាវ​ឲ្យ​អ្នក​ស្រុក​ជម្លៀស​ចេញ​ពី​អគារ​ដែល​មាន​សភាព​ទ្រុឌ​ទ្រោម​ ដូច​គ្នា​នឹង​អគារ​ដែល​ធ្លាប់​ដួល​រលំ​។

លោក Thackeray បាន​និយាយ​ពេល​ដែល​ទៅ​ដល់​តំបន់​កើត​ហេតុ​ថា «​ខ្ញុំ​បួង​សួង​ឲ្យ​ប្រជាពលរដ្ឋ​ស្ដាប់​អាជ្ញាធរ​ ហើយ​ប្ដូរ​ទៅ​ទី​តាំង​ដែល​មាន​សុវត្ថិភាព​ជំនួស​វិញ​ ដើម្បី​បញ្ចៀស​គ្រោះ​មហន្ដរាយ​ដ៏សោកនាដកម្ម​បែបនេះ​»​។​

សូម​ជម្រាប​ថា រដ្ឋ​ Maharashtra ភាគ​ខាង​លិច​ ដែល​មាន​ទីក្រុង Mumbai ជា​រដ្ឋ​ធានី បាន​ទទួល​រង​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​កាល​ពី​ឆ្នាំ​មុន នៅពេល​ដែល​ទឹក​ជំនន់​ និង ការ​បាក់​ដី​ បាន​បង្ក​ឡើង​ដោយ​ខ្យល់​មូសុង​ ដោយធ្លាប់​បាន​សម្លាប់​មនុស្ស​ ២០០នាក់ និង បង្ខំ​ឲ្យ​ ១​ភាគ​៤ នៃ​ប្រជាជន​ចំនួន ១​លាន​នាក់ ត្រូវ​ជម្លៀស​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួក​គេ​៕

ប្រភព៖ CNA

Share.