ឧកញ៉ា ម៉ុង ឫទ្ធី កំពុងសាងសង់ចេតិយដ៏ធំ និងខ្ពស់ត្រដែត ដើម្បីលើកតម្កើងវិស័យព្រះពុទ្ធសាសនា និង សម្រាប់តំកល់ អដ្ឋិធាតុបុគ្គល ដែលមានស្នាដៃ រួមចំណែកកសាងជាតិ។ នេះជាការលើកឡើងរបស់ លោក ឧកញ៉ា ម៉ុង ឫទ្ធី តាមរយៈបណ្ដាញសង្គម ហ្វេសបុក។

សេដ្ឋីកសិកម្មរូបនេះ កាលពីវេលាម៉ោង៣រសៀល ថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ម្សិលមិញបានភរិយា មកត្រួតពិនិត្យមើលការងារចាប់ផ្តេីមចងដែក សាងសង់ចេតិយ ដែលមានទីតាំងស្ថិតនៅលេីកំពូលភ្នំចេតិយ៍ថ្មី ក្នុងតំបន់រមណីយដ្ឋាន អភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ចេតិយ៍ខាងលើនេះ មានកំពស់ខ្ពស់ជាងទឹកសមុទ្យ១៣០មែត្រ បាតក្រោមសាងសង់ជាអាងស្តុបទឹកស្អាតបានចំនួន ២ ៣០០ម៉ែត្រគួប ដែលមានទំហំ ២៨មx២៨ម កំពស់ ២៤.៤០ម៉ែត្រ គ្រោងបញ្ចប់ការងារសាងសង់នេះ នៅក្នុងខែឧសភាឆ្នាំ២០២២អោយហេីយរួចរាល់ជាស្ថាពរ ។
លោកឧកញ៉ា ម៉ុង ឫទ្ធី បាននិយាយថា គោលបំណងនៃការសាងសង់ចេតិយនេះ គឺដើម្បី ចូលរួមចំណែកលេីកតម្កើងលេីវិស័យព្រះពុទ្ធសាសនាផង និងសម្រាប់តំកល់អដ្ឋិធាតុបុគ្គលដែលមានស្នាដៃ បានចូលរួមចំណែកក៏សាងអភិវឌ្ឍន៍ប្រទេសជាតិ ក៏ដូចជាបានមកអភិវឌ្ឍន៍តំបន់នេះអោយបានសមរម្យផងដែរ ៕


