ឧកញ៉ា ម៉ុង ឫទ្ធី កំពុងសាងសង់ចេតិយដ៏ធំ និងខ្ពស់ត្រដែត ដើម្បីលើកតម្កើងវិស័យព្រះពុទ្ធសាសនា និង សម្រាប់តំកល់ អដ្ឋិធាតុបុគ្គល ដែលមានស្នាដៃ រួមចំណែកកសាងជាតិ។ នេះជាការលើកឡើងរបស់ លោក ឧកញ៉ា ម៉ុង ឫទ្ធី តាមរយៈបណ្ដាញសង្គម ហ្វេសបុក។

សេដ្ឋីកសិកម្មរូបនេះ កាលពីវេលាម៉ោង​៣រសៀល ​ថ្ងៃ​ព្រហស្បតិ៍​ ទី​២៧​ ខែឧសភា​ ម្សិលមិញបានភរិយា​ មកត្រួតពិនិត្យមើល​ការងារ​ចាប់ផ្តេីម​ចងដែក​ សាងសង់​ចេតិយ ដែលមាន​ទីតាំង​ស្ថិតនៅ​លេីកំពូលភ្នំ​ចេតិយ៍ថ្មី​ ក្នុង​តំបន់​រមណីយដ្ឋាន​ អភិវឌ្ឍន៍​កសិទេសចរណ៍​ម៉ុង​ ឫទ្ធី​សែនជ័យ​ ស្រុក​សំរោងទង​ ខេត្ត​កំពង់​ស្ពឺ​។

ចេតិយ៍ខាងលើនេះ ​មានកំពស់ខ្ពស់​ជាងទឹក​សមុទ្យ១៣០មែត្រ​ បាតក្រោម​សាងសង់​ជាអាង​ស្តុបទឹកស្អាតបាន​ចំនួន​ ២ ៣០០ម៉ែត្រគួប​ ដែលមាន​ទំហំ ​២៨មx២៨ម កំពស់ ២៤.៤០ម៉ែត្រ​ គ្រោង​បញ្ចប់ការងារ​សាងសង់នេះ​ នៅក្នុង​ខែឧសភា​ឆ្នាំ​២០២២អោយហេីយ​រួចរាល់ជា​ស្ថាពរ​ ។ 

លោកឧកញ៉ា ម៉ុង ឫទ្ធី បាននិយាយថា គោលបំណង​នៃការ​សាងសង់​ចេតិយនេះ​ គឺ​ដើម្បី​ ចូលរួម​ចំណែក​លេីក​តម្កើង​លេី​វិស័យ​ព្រះពុទ្ធសាសនា​ផង​ និង​សម្រាប់​តំកល់​អដ្ឋិធាតុ​បុគ្គល​ដែលមាន​ស្នាដៃ​ បានចូលរួម​ចំណែក​ក៏សាង​អភិវឌ្ឍន៍​ប្រទេសជាតិ​ ក៏ដូចជា​បាន​មក​អភិវឌ្ឍន៍តំ​បន់​នេះ​អោយបាន​សមរម្យ​ផង​ដែរ​ ៕

Share.