លោក ហួត ស៊ីថន បានចូលប្រឡូកក្នុងវិស័យសម្ដែងភាពយន្ត និងរឿងភាគខ្មែរអស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។ ថ្មីៗនេះលោកបានចូលរួមសម្ដែងក្នុងភាពយន្តខ្នាតធំមួយដែលមានចំណងជើងថា «ប៉ូឌីញស»។

ភាពយន្តមួយនេះកំពុងមានវត្តមានបញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១១ បន្ទាប់ពីបានធ្វើដំណើរបញ្ចាំងនៅលើផ្ទាំងសំពត់សជាច្រើនកន្លែងក្នុងរោងភាពយន្តបរទេស។ ដោយឡែកលោក ហួត​ ស៊ីថន​ ត្រូវបានប្រកាសឱ្យឈ្នះពានរង្វាន់តារាសម្ដែងឆ្នើមប្រចាំឆ្នាំ២០២២នេះ តាមរយៈកម្មវិធី មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១១ ដោយមានការប្រគល់ពានរង្វាន់ជូនដោយលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប:។

លោក ហួត​ ស៊ីថន​ បានលើកឡើងពានរង្វាន់ក្នុងដៃឡើង រួចនិយាយថា លោកពិតជារំភើបណាស់ដែលបានទទួលពានរង្វាន់មួយនេះ។ លោកសង្កត់ធ្ងន់ថា បទពិសោធន៍នៃការសម្ដែងជាង ៤០ ឆ្នាំមកនេះ ក៏បានផ្ទេចំណេះទៅឱ្យក្មេងជំនាន់ក្រោយតាមរយៈសាលាភូមិន្ទវិចិត្រសិល្បៈ៕

Share.