(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹង ថា ព្រះរាជាណាចក្រ កម្ពុជានឹងទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែល អូសបន្លាយលើភាគ ខាងជើង ប្រទេសថៃ ឡាវ និង វៀតណាម ដោយភ្ជាប់ទៅនឹងសម្ពាធទាបមួយនៅសមុទ្រ ចិនខាងត្បូង ។ សម្ពាធទាបនេះនឹងវិវត្តខ្លួន ជាបន្តបន្ទាប់ទៅជាព្យុះទី៣ ដោយមានដំណើរ ឆ្ពោះទៅកាន់កោះហៃណាំ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១-បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖ សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C។នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។ ក្នុងនោះក៏នឹងអាចមានភ្លៀងច្រើនដោយអន្លើលាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅវាលទំនាបភាគកណ្តាល និងភាគពាយ័ព្យ។

២-បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន៖ សីតុណ្ហភាពអប្បបរមាមានពី២៤-២៦°Cនិងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C។នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះនិងខ្យល់ កន្ត្រាក់។

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមាមានពី ២៤-២៦°C សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C។ នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕

Share.