ភ្នំពេញ៖កម្លាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២២ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណី ប្រឆាំងអ្នក រាជការសាធារណៈ និង ហិង្សាដោយចេតនា លើមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក។

ជនសង្ស័យមានឈ្មោះ ប៊ូ សុខមាន ភេទប្រុសអាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅនឹងកន្លែងកើតហេតុ ក្រោយពីជនសង្ស័យបើកបរល្មើស ច្បាប់ចរាចរណ៍ ដោយមិនពាក់មួកសុវត្ថិភាព ជេរប្រមាថ  និងយកខ្សែក្រវ៉ាត់វាយចំមកលើ សមត្ថកិច្ច ។

សមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្ត កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នេះ ដោយយោងតាមក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៥០៣ បទប្រឆាំងនឹងអ្នករាជការសាធារណ: មាត្រា២១៧ បទហិង្សាដោយចេតនា និងមាត្រា៨០ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕

អត្ថបទ៖ចតុមុខ

Share.