ក្លិបបាល់ទាត់នគរបាលជាតិ ក្រោមការដឹកនាំរបស់លោក អ៊ុង កនយ៉ានិត បានប្រកាសនាំចូលកីឡាករចំនួន២រូបគឺ ESOH OMOGBA និងកីឡាករ ADEYAJU RESHEED OMOKAFE ត្រៀមចូលរួមការប្រកួត​ជម្រើស​ជើង​ឯក​ជាតិ​លីគ​ទី២ (​Cambodian League 2) រដូវកាល​ឆ្នាំ​២០២២។

ខ្សែប្រយុទ្ធ Omokafe វ័យ២៧ឆ្នាំ គឺកីឡាករសំបូរបទពិសោធន៍ ក្រោយឆ្លងកាត់ជាច្រើនដូចជា៖ ក្លិបបៀលប្រាយយូណាយធីត, ណាហ្គាវើលដ៍, គិរីវង្សសុខសែនជ័យ, កងយោធពលខេមរភូមិ(ទ័ព) និងចុងក្រោយ អាសុីអឺរ៉ុប យូណាយធីត។

ខណ:ខ្សែ​បម្រើ-ប្រយុទ្ធ ជនជាតិ​នីហ្សេរីយ៉ា Esoh Paul Omogba ដែល​ធ្លាប់​មាន​បទពិសោធន៍​​ច្រើន​លើ​ទីលាន​ក្នុង​លីគ​កំពូល​កម្ពុជា។ ដោយរូបគេបាន​​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​កម្ពុជា ដំបូង​នៅ​ឆ្នាំ​២០១៦ ដោយ​កាល​នោះ​បាន​ចូលរួម​ជាមួយ​ក្រុម​បឹងកេត ហើយ​នៅ​ឆ្នាំ​២០១៧ បាន​ចូលរួម​ក្រុម Yadanarbon FC នៅ​មីយ៉ាន់ម៉ា តែ​ត្រឡប់​មក​ចូលរួម​បឹងកេត​វិញ។

នៅ​ឆ្នាំ​២០១៩ រូប​គេ​បាន​ចេញ​ពី​បឹងកេត ចូលរួម​ជាមួយ​ក្រុម​ណាហ្គាវើល និង​ឆ្នាំ​២០២០ បាន​ចូលរួម​ជាមួយ​ក្រុម​ភ្នំពេញក្រោន។ រូប​គេ​ធ្លាប់​ឈ្នះ​ជើង​ឯក​​ពានរង្វាន់​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៧ និង​ឈ្នះ​ជើង​ឯក​រង​នៅ​ឆ្នាំ​២០១៨​និង​២០១៩ ផងដែរ៕

Share.