មន្រ្តី​ប៉ូលីស​​នៃ​ប្រទេស​កាណាដា បាន​បាញ់​សម្លាប់​ជន​សង្ស័យ​ ២​នាក់ ក្នុង​ការ​បាញ់​ប្រហារ​គ្នាកាល​ពី​ថ្ងៃ អង្គារ នៅ​ឯ​ធនាគារ​មួយ​កន្លែង​ក្នុងខេត្ត Bristish Columbai ភាគ​ខាង​កើត​ប្រទេស​កាណាដា ហើយ​ក៏​បាន​បណ្ដាល​ឲ្យ​មន្រ្តី​ប៉ូលីស​ចំនួន ៦​នាក់​ បាន​រង​របួស ខណៈ​ដែល​អ្នក​នៅ​ក្បែរ​នោះ​ត្រូវ​បាន​ជម្លៀស​ចេញ​ បន្ទាប់​ពី​កើត​មានការ​​ផ្ទុះ​អាវុធ​​។​

ក្រុម​មន្រ្តី​ប៉ូលីស​កាណា​ដា បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ដែល​ស្ថិត​នៅ​ធនាគារ​ Montreal ក្នុង​ទីក្រុង​ Saanich លើកោះ​ Vancouver នៃខេត្ត Bristish Columbai បន្ទាប់​ពី​ទទួល​បាន​សេចក្ដី​រាយការណ៍​ថា មាន​បរុស​ ២​នាក់​ប្រដាប់​ដោយ​អាវុធ​ជា​ច្រើន​ដើម​ ព្រម​ទាំង​ពាក់​អាវ​ក្រោះ​ការពារ​ខ្លួន បាន​ដើរ​ចូល​ទៅ​ក្នុង​ធនាគារ​ ដែល​គេ​សង្ស័យ​ថា អាច​ជា​សកម្មភាព​ប្លន់​​ធនាគារ​។​ ការ​ផ្ទុះ​អាវុធ​នេះ​បាន​ចាប់​ផ្ដើម​នៅ​ពេល​ដែល​ពួកជន​សង្ស័យ​ទាំង ២​​នាក់ ដើរ​ចេញ​ពី​ធនាគារ​វិញ ប៉ុន្ដែ​សំណាង​ល្អ​ ហេតុ​ការណ៍​នេះ​​មិន​បាន​បង្ក​ឲ្យ​ជន​ស៊ីវិល​ណា​ម្នាក់​រង​របួស​ឡើយ​​។

ក្រោយ​ការ​បាញ់​ប្រយុទ្ធ​គ្នា ខ្មាន់​កាំ​ភ្លើង​ទាំង ២នាក់​នោះ​ បាន​បាត់​បង់​ជីវិត​នៅ​នឹង​កន្លែង​កើត​ហេតុ​ ចំណែក​មន្រ្តីប៉ូលីស​ចំនួន ៦​នាក់​ ក៏​បាន​រង​​​របួស​ដោយ​គ្រាប់​កាំ​ភ្លើង​​ផង​ដែរ ប៉ុន្ដែ​ហាក់​ពុំ​បាន​បង្ក​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត​នោះ​ទេ​៕

ប្រភព៖ India Today

Share.