កម្ពុជាប្ដេជ្ញារំដោះខ្លួនចេញបញ្ជីប្រផេះដែលដាក់ដោយក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា FATF។ ក្រុមការងារហិរញ្ញវត្ថុ FATF ដែលនៅក្នុងឆ្នាំ២០២២នេះ សម្រេចរក្សាកម្ពុជានៅក្នុង បញ្ជីប្រផេះ» ដែលមានន័យថារដ្ឋអាស៊ីអាគ្នេយ៍មួយនេះនៅតែស្ថិតក្នុងចំណោមប្រទេសមានហានិភ័យលើ​ការ​លាងលុយ​កខ្វក់។

ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរំដោះខ្លួនចេញពីបញ្ជីប្រផេះ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ  ហៅកាត់ថា គ.ស.ហ បានដឹកនាំកិច្ចប្រជុំមួយនៅសណ្ឋាគារសុខាភ្នំពេញ។

សម្ដេច ស ខេង បានថ្លែងឱ្យដឹងថាកិច្ចប្រជុំនេះ មានគៅលដៅផ្សព្វផ្សាយអំពីលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងក្របខណ្ឌនៃការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិសេសក្នុងស្ថានភាពដែលប្រទេសកម្ពុជាកំពុងឋិតក្នុងបញ្ជីប្រផេះ សំដៅលើកកម្ពស់កិត្តិនាមកម្ពុជាទាំងក្នុងតំបន់ និងអន្តរជាតិ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងជាអនុប្រធានប្រចាំការ គ.ស.ហ បានរម្លឹកថាម្ពុជាបានខិតខំអនុវត្តតាមផែនការសកម្មភាព១៤ចំណុចដែល រុមការងារហិរញ្ញវត្ថុ បានដាក់ចេញ និងបានរាយការណ៍វឌ្ឍនភាពការងារជាបន្តបន្ទាប់ដែរ ប៉ុន្តែការតម្លើចំណាត់ថ្នាក់បានលទ្ធផលជាក់ស្ដែងតែ៣ប៉ុណ្ណោះក្នុងចំណោមចំណុចតម្រូវឱ្យធ្វើបានយ៉ាងហោចណាស់៧ នៃ១៤ចំណុចនោះ។

បើតាមឯកឧត្តម ជា ចាន់តូ ដោយពិនិត្យឃើញពីភាពបន្ទាន់ និងចាំបាច់ក្នុងការទាញកកម្ពុជាចេញពីបញ្ជីប្រផេះឱ្យបានឆាប់រហ័ស សម្ដេចក្រឡាហោម ស ខេង បានផ្ដល់អនុសាសន៍កែសម្រួលសមាសភាព និងពង្រីកវិសាលភាពសមាសភាព គ.ស.ហ ឱ្យកាន់តែធំទូលាយ ព្រមទាំងបង្កើតអនុគណៈកម្មការ និងក្រុមការងារដើម្បីដឹកនាំ និងអនុវត្តការងារដែលនៅសេសសល់។

ជាលទ្ធផលឯកឧត្តមបន្តថាក្នុងជុំទី៩នេះ កម្ពុជាសម្រេចបានវឌ្ឍនភាពលើសការរំពឹងទុក ពោលគឺក្នុងចំណោមសកម្មភាពដែលនៅសេសសល់ចំនួន៤ចំណុចនោះ កម្ពុជាសម្រេចបាន៣ចំណុច ហើយថាជាទិសដៅកម្ពុជា ត្រូវអនុវត្តឱ្យបានពេញលេញនូ ពិសេសសម្រេចឱ្យបានសកម្មភាព១ចុងក្រោយ ពាក់ព័ន្ធនឹងការបង្កកនិងការរឹបអូសផលនៃបទល្មើស ឧបករណ៍មធ្យោបាយប្រព្រឹត្តបទល្មើស និងទ្រព្យសម្បត្តិមានតម្លៃស្មើ។

ឯកឧត្តមបន្តថាទន្ទឹមនេះ កម្ពុជាក៏ត្រូវបន្តរាយការណ៍ និងរក្សាកំណើននៃទិន្នន័យពាក់ព័ន្ធនឹងការបញ្ជូនរបាយការណ៍ និងចំនួននៃការស៊ើបសង្កេត និងការចោទប្រកាន់ពីបទសម្អាតប្រាក់ ដែលទាមទារឱ្យមានការចូលរួមពីមន្រ្តីពាក់ព័ន្ធដើម្បីធានាស្ថិរភាពប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុកម្ពុជា ខណៈក្រុមការងារអន្តរជាតិនឹងចុះមកពិនិត្យនៅអំឡុងខែមករាឆ្នាំ២០២៣។

ឯកឧត្តម កើតរិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអនុគណៈកម្មការមួយនៃ គ.ស.ហ ថ្លែងនាកិច្ចប្រជុំនោះថាការបង្កើតបាននូវយន្តការប្រឆាំងការសម្អាតប្រាក់នៅតាមក្រសួងស្ថាប័នអនុវត្តច្បាប់ និងការបង្កើតបាននូវប្រព័ន្ធការងារ និងរបៀបរបបការងារមួយច្បាស់លាស់សម្រាប់ការប្រឆាំងការសម្អាតប្រាក់នៅតាមក្រសួងស្ថាប័ននានា គឺជាគន្លឹះដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃការប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា ទាំងសម្រាប់ពេលចំពោះមុខ ទាំងសម្រាប់រយៈពេលវែងទៅថ្ងៃមុខ។

ថ្លែងបិទកិច្ចប្រជុំនាកាសនោះ សម្ដេចក្រឡាហោមបានអះអាងថាការសម្រេចបានលទ្ធផលជាក់ស្ដែងស្ទើទាំងអស់នៃទិសដៅការងារប្រឆាំងការសម្អាតប្រាក់របស់កម្ពុជាដូចបានលើកឡើងខាលើនេះ គឺជាការបង្ហាញអំពីការខិតខំប្រឹងប្រែង​ក្នុងការប្ដេជ្ញាចិត្តទាំងកម្រិតនយោបាយ កម្រិតបច្ចេកទេស នៅក្នុងការងាប្រឆាំងការសម្អាតប្រាក់របស់រាជរដ្ឋាភិបាលកម្ពុជា។

សម្ដេចក្រឡាហោម បានសង្កត់ធ្ងន់ថា«បញ្ហាដែលនៅសល់ គឺIO8ដែលក៏ទាក់ទងនឹងIO7។ IO7គឺទាក់ទងនឹងការបង្ក្រាបបទល្មើស ហើយIO៨ទាក់ទងនឹងការបង្កកទ្រព្យសម្បត្តិ។ បានន័យថាបើយើងបង្ក្រាបគ្រឿងញៀនមួយករណីធំមួយ យើងត្រូវតែស្រាវជ្រាវ មិនមែនបញ្ចប់ត្រឹមការដែលយើងចាប់ហើយផ្ដន្ទាទោសដូចករណីមួយដែលយើងបានធ្វើនោះទេ»។

សម្ដេចបានជំរុញឱ្យស្រាវជ្រាវបទល្មើសពាក់ព័ន្ធនឹងការសម្អាតប្រាក់នេះ«ថាតើបានប្រភពធនធានឯណាមកជួញដូរគ្រឿងញៀន? តើមានធនធាន មានទ្រព្យសម្បត្តិរាប់ទាំងថវិកា ដីធ្លី ផ្ទះសម្បែង មធ្យោបាយ ឬឧបករណ៍ផ្សេងៗទៀតទេដែលមានការពាក់ព័ន្ធ និងតើជនប្រព្រឹត្តបទល្មើសនោះយកមពីណា ហើយមានប៉ុន្មាន? រួចហើយតុលាការនឹងធ្វើការវិនិច្ឆ័យដើម្បីបង្កក រឹបអូស ដែលនោះហើយជាកិច្ចការដែលយើងត្រូវធ្វើបន្តតាមIO7 និងIO8»»។

សម្ដេចពន្យល់ទៀតថា«ដើម្បីកុំឱ្យទ្រព្យសម្បត្តិទាំងអស់នេះ វាទៅបំរើអំពើភេវរកម្ម បំរើឱ្យការពង្រីកអាវុធមហាប្រល័យ គោលដៅធំនៃការងាររបស់យើងនេះគឺយ៉ាងដូច្នេះឯង។ យើងកំពុងតែឋិតនៅក្នុងបញ្ជីប្រផេះ តែបើប្រៀបធៀបទៅនឹងបញ្ជីប្រផេះមុនរបាយការណ៍ទី៩ និងក្រោយរបាយការណ៍ជុំទី៩នេះ វាខុសគ្នា»។ ប្រផេះដូចគ្នា ប៉ុន្តែចង់និយាយថាតាមរយៈវឌ្ឍនភាពនៃរបាយការណ៍ជុំទី៩ដែលមានច្រើន កិច្ចការសេសសល់នៅតិចជាង គឺនៅសេសសល់តែចំណុចទី៧ និងទី៨»។

យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម ស ខេង ហាក់មិនទាន់ស្ងប់ចិត្តនឹងទិសដៅការងារខាងមុខនៅឡើយទេ ដោយសម្ដេចក្រើនរំលឹកថា«យើងចាត់ទុកថាបើបញ្ជីប្រផេះនេះមិនត្រូវបានដកចេញពីកម្ពុជាទេ ធនាគាររបស់យើងនឹងមានឧបសគ្គក្នុងប្រតិបត្តិការ។ នេះហើយជាបញ្ហាដែលយើងប្ដេជ្ញារួមគ្នាដកកម្ពុជាចេញពីបញ្ជីប្រផេះ ហើយទាំងអស់គ្នាមានភារកិច្ចចូលរួម»។

សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឱ្យប្រធានស្ថាប័នផ្ដល់អាទិភាពខ្ពស់លើការងារប្រឆាំងការសម្អាតប្រាក់ ដោយសម្ដេចបានបន្ថែមថា«នៅទីនេះ ទោះបីថាមានវត្តមាន ឬមិនមានវត្តមាន ឬមានតំណាងមកជំនួស ខ្ញុំសូមត្រឡប់ទៅវិញ គឺរាយការណ៍ជូនប្រធានស្ថាប័នជាបន្ទាន់ ដើម្បីចាត់វិធានការណ៍តាមសមត្ថកិច្ចរបស់ខ្លួន រួមចំណែកដល់ការលើកស្ទួយមុខមាត់កម្ពុជា ពិសេសការប្ដេជ្ញាចិត្តរបស់យើងចេញពីបញ្ជីប្រផេះនេះឱ្យបានដែលជាការគោលដៅ និងការប្ដេជ្ញាចិត្តរបស់យើង»។

បើតាមសម្ដេចក្រឡាហោម ស ខេង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ  ក៏មិនមែនតែពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀននោះទេ ប៉ុន្តែថាវាក៏ពាក់ព័ន្ធនឹងអំពើពុរលួយ បទល្មើសព្រៃឈើ និងបទល្មើសនេសាទជាដើមផងដែរ។ ដូច្នេះសម្ដេចក្រើនរំលឹកឱ្យមន្រ្តីរួមគ្នាសម្រេចទិសដៅការងារប្រឆាំងការសម្អាតប្រាក់ដើម្បីដកខ្លួនចេញពីបញ្ជីប្រផេះនេះ។

សូមបញ្ជាក់ថាប្រសិនបើកម្ពុជា មិនអាចរំដោះខ្លួនចេញពីបញ្ជីប្រផេះនេះទេ ហើយផ្ទុយទៅវិញបានធ្លាក់ក្នុងបញ្ជីខ្មៅរបស់ក្រុមការងារហិរញ្ញវត្ថុ ហៅកាត់ថា FATF នោះកម្ពុជានឹងប្រឈមមុខចំពោះការអំពាវពីFATF ​ដល់​ប្រទេស​សមាជិក និង​យុត្តាធិការ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក ឲ្យ​បង្កើន​ការតាមដាន​ត្រួតពិនិត្យ​លើ​រាល់​ទំនាក់ទំនង និង​ប្រតិបត្តិការ​អាជីវកម្ម​ទាំងអស់​ជាមួយ​កម្ពុជា៕

Share.